តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍បានចេញដីកាកោះហៅលោក សម រង្ស៊ី មួយករណីទៀត ឲ្យខ្លួនចូលឆ្លើយបំភ្លឺនៅថ្ងៃទី៧ខែឧសភា ពីបទចោទប្រកាន់ថាមានការជាប់ពាក់ព័ន្ធនឹងការចុះកិច្ចព្រមព្រៀងសម្ងាត់កាត់ទឹកដីកម្ពុជា ចំនួន៤ខេត្តទៅឲ្យលោកកុក ក្សរមេដឹកនាំជនជាតិដើមភាគតិច ម៉ុងតាញ៉ាកាលពីថ្ងៃទី១៤ខែ មេសាឆ្នាំ២០១៣។
កងកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យកាលពីថ្ងៃព្រហស្បតិ៍ បានយកដីការបស់តុលាការក្រុងភ្នំពេញទៅបិទ នៅពីមុខទីស្នាក់ការបក្សសង្គ្រោះជាតិក្នុងសង្កាត់ចាក់អង្រែខណ្ឌមានជ័យ។
ក្នុងដីកាកោះហៅ របស់ព្រះរាជអាជ្ញារងលោក សៀង សុខបានបង្គាប់ឲ្យ លោកសម រង្ស៊ី ចូលខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៩ ព្រឹកថ្ងៃទី៧ខែ ឧសភាខាងមុខ។
លោកសម រង្ស៊ីប្រធានចលនាសង្គ្រោះជាតិដែលកំពុងរស់នៅនិរទេស ក្នុងប្រទេសបារាំងបានទទួលរងនូវបណ្ដឹងប្រហែល១០ករណី ដែលប្ដឹងដោយលោកហ៊ុន សែនលោកហេង សំរិន និងមន្រ្តីជាន់ខ្ពស់គ្រាគ់ៗជាច្រើនរូបទៀតក្នុងជួររដ្ឋាភិបាលរបស់លោកហ៊ុន សែន។
លោកសម រង្ស៊ីធ្លាប់ប្រកាសថាបណ្ដឹងទាំងឡាយ គ្រាន់តែជាការបំភ្លើសខុសពីការពិតបែបមនុស្សវិកលចរិត ហើយលោកក៏មិនខ្វល់អំពីចំណាត់ការរបស់តុលាការ ដែលស្ថិតក្រោមគំនាបនៃរបបផ្ដាច់ការរបស់លោកហ៊ុនសែនឡើយ។
លោកសម រង្ស៊ីបានចោទវិញថា ជនក្បត់ជាតិ គឺអ្នកកាន់អំណាចសព្វថ្ងៃ ព្រោះបានកាត់ទឹកដីប្រទេសកម្ពុជាមានទាំងកោះត្រល់ឲ្យទៅប្រទេសវៀតណាមក្នុងទសវត្សរ៍ឆ្នាំ ១៩៨០៕