សាលាដំបូងខេត្តកំពង់ស្ពឺកាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញបានផ្តន្ទាទោសស្ត្រីដែលបានយកស្បែកជើងគប់លើបដាគណបក្សប្រជាជនកម្ពុជាដែលមានរូបលោក ហេង សំរិន និងលោកហ៊ុន សែន ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំនិងពិន័យជាប្រាក់ចំនួន ប្រាំលានរៀលពីបទប្រមាថនិងញុះញង់ឱ្យមានការរើសអើង។
កាលពីខែមេសាឆ្នាំ២០១៧ អ្នកស្រីសំ សុខា បានបង្ហោះវីដេអូរឃ្លីប មួយទៅលើបណ្តាញសង្គមហ្វេសប៊ុកបង្ហាញដល់សាធារណៈជន អំពីសកម្មភាពរបស់អ្នកស្រីដែលបានដោះស្បែកជើងហើយគប់ទៅលើបដារបស់គណបក្សប្រជាជនកម្ពុជាដែលមានរូបលោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងប្រធានរដ្ឋសភាលោកហេងសំរិន ដែលគេដាក់បញ្ឈរនៅតាមផ្លូវសាធារណៈ។
រយៈពេលប៉ុន្មានថ្ងៃក្រោយមកសមត្ថកិច្ចខេត្តកំពង់ស្ពឺបានស្វែងរកចាប់ខ្លួនអ្នកស្រីសំ សុខា បន្ទាប់ពីមានការខឹងសម្បារជាខ្លាំងពីប្រមុខដឹកនាំខ្មែរ។
ដោយមិនបង្អស់យូរអ្នកស្រីសំ សុខា បានរត់គេចខ្លួនទៅកាន់ប្រទេសថៃដើម្បីស្វែងរកទីមានសុវត្ថិភាព។
ប៉ុន្តែអ្នកស្រីសំ សុខា ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនមកកាន់ប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី៨ខែកុម្ភៈស្របពេលដែលស្រ្តីរូបនេះត្រូវបានឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ទទួលស្គាល់ជាជនភៀសខ្លួនក៏ដោយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិយូមែន រ៉ៃវច្ឆ (Human Rights Watch)បានចាត់ទុកទង្វើរនេះថាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៕