41.3 C
Phnom Penh

អង្គការអន្តរជាតិថា ភ្នាក់ងារអ.ស.ប.មិនចាត់វិធានការចំាំបាច់លើការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិយូមែន រ៉ៃស៍ វច្ឆ(Human Rights Watch)កាលពីថ្ងៃសុក្របានរិះគន់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថាមិនបានយកចិត្តទុកដាក់ឬចាត់វិធានការ ចំាបាច់នានាដើម្បីស្តារស្ថានការណ៍នយោបាយនៅកម្ពុជា។

អង្គការឃ្លាំមើលសិទ្ធិមនុស្សដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិកមួយនេះចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២២ ខែមីនា បានអះអាងថា ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានបរាជ័យក្នុងការចាត់វិធានការជាដុំកំភួនលើករណីវិបត្តិនយោបាយនៅកម្ពុជា។

ក្រុមនេះក៏បានសម្តែងការសោកស្តាយចំពោះថវិការរាប់កោដិដុល្លារដែលបានចំណាយទៅលើជំនួយអភិវឌ្ឍន៍ដូចជាការគាំទ្រដល់កំណែទម្រង់ប្រព័ន្ធយុត្តិធម៌និងការគោរពសិទ្ធមនុស្សនោះ កំពុងប្រែជាគ្មានន័យអ្វីទាំងអស់ហើយការបោះឆ្នោតនៅខែកក្កដាខាងមុខ នឹងគ្មានភាពស្របច្បាប់ប្រសិនបើបក្សសង្គ្រោះជាតិមិនអាចចូលរួមបាននោះ។

ការរិះគន់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិមួយនេះ ធ្វើឡើងមួយថ្ងៃក្រោយការចេញសេចក្តីថ្លែងការណ៍រួមរបស់ប្រទេសចំនួន៤៥ ដែលបានទាមទារឲ្យមានការដោះលែងលោកកឹម សុខា លុបចោលការរំលាយគណបក្សសង្គ្រោះជាតិ បើកឱកាសឲ្យមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ដោះលែងអ្នកទោសនយោបាយទាំងអស់ និងលុបចោលការរំលាយគណបក្សសង្គ្រោះជាតិជាដើម។

ប៉ុន្តែលោក ណី សំអុល តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវបានហៅសេចក្តីថ្លែងការណ៍រួមនោះថាជាការវាយប្រហារមកលើរដ្ឋាភិបាលកម្ពុជាហើយថាសេចក្តីថ្លែងការណ៍នោះមានចរិតនយោបាយដែលបង្កប់ទៅដោយបំណងអាក្រក់ដើម្បីរារាំងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជានៅក្នុងការអនុវត្តច្បាប់សណ្តាប់ធ្នាប់ការលើកកម្ពស់សន្តិភាពស្ថិរភាពនិងការអភិវឌ្ឍន៍សំរាប់ប្រទេស។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលសង្គមគាំទ្រចំពោះសេចក្តីថ្លែងការរួមនេះ ដោយសារកម្ពុជាពិតជាមានវិបត្តិនយោបាយធ្ងន់ធ្ងរមែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស