38 C
Phnom Penh

ភ្នាក់ងាររបស់អង្គការសហប្រជាជាតិបារម្ភអំពីសុវត្ថិភាពជនភៀសខ្លួននៅកម្ពុជា និងក្នុងប្រទេសថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាកាលពីពេលថ្មីៗនេះ បានជម្រុញឲ្យរដ្ឋាភិបាលកម្ពុជាលុបចោលបទបរិហាកេរ្តិ៍និងទោសបញ្ញត្តិផ្សេងៗទៀតនៃក្រមព្រហ្មទណ្ឌ ដើម្បីធានាពីការគោរពសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។

ការជម្រុញនេះធ្វើឡើងក្រោយពីប្រទេសថៃបាននិរទ្ទេស ជនកំពុងទទួលបានឋានៈជាជនភៀសខ្លួនពីអង្គការសហប្រជាជាតិម្នាក់គឺអ្នកស្រីសំ សុខា មកឲ្យអាជ្ញាធរកម្ពុជាដើម្បីដាក់ទោសទណ្ឌពីបទបរិហាកេរ្តិ៍។

កាលពីសបា្តហ៍កន្លងទៅនេះរដ្ឋមន្រ្តីការពារប្រទេសលោកទៀ បាញ់ និងនាយករដ្ឋមន្ត្រីថៃលោកប្រាយុធ ចាន់អូចាបានឯកភាពគ្នាដើម្បីចាប់បញ្ជូនជនភៀសខ្លួនទាំងឡាយណាដែលមានការជាប់ពាក់ព័ន្ធនឹងផ្លូវច្បាប់ឲ្យគ្នាទៅវិញទៅមក។

ភាគីទាំងពីរបានប្រកាសតាមសេចក្តីថ្លែងការណ៍ថាពួកគេនឹងទប់ស្កាត់ដាច់ខាតមិនឲ្យឧក្រិដ្ឋជនបរទេសប្រើប្រាស់ទឹកដីកម្ពុជា-ថៃធ្វើជាមូលដ្ឋានក្នុងការញុះញង់និងកុបកម្មឡើយ។

ប៉ុន្តែការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបានរំលឹកថា អង្គការសហប្រជាជាតិឲ្យតម្លៃខ្ពស់ដល់សេរីភាពក្នុងការបញ្ចេញមតិទៅលើបុគ្គលសាធារណៈ វិស័យសាធារណៈ និងស្ថាប័នសាធារណៈ។

ក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានរដ្ឋាភិបាលរបស់លោក ហ៊ុន សែនរំលាយហើយនោះសកម្មជននយោបាយសកម្មជនសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានខ្មែរជាច្រើនបានរត់ភៀសខ្លួនមកកាន់ប្រទេសថៃ ដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលទីក្រុងភ្នំពេញ ហើយចំណែកអ្នកនយោបាយថៃជាច្រើននាក់ទៀត ក៏កំពុងភៀសខ្លួនទៅកាន់ប្រទេសកម្ពុជាក្រោយរដ្ឋប្រហារយោធាឆ្នាំ២០១៤ នោះដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស