សាលាឧទ្ធរណ៍នឹងប្រកាសសាលដីកាលើបណ្តឹងសុំមោឃៈភាព នីតិវិធីរបស់អតីតអ្នកយកព័ត៌មានអាស៊ីសេរី២ រូបគឺលោកអ៊ួន ឈិននិងលោកយាង សុធារិននៅដើមខែមេសាខាងមុខនេះ។
លោកកែវ វ៉ាន្នីមេធាវីការពារក្តីឱ្យអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូបបានប្រាប់ក្រុមអ្នកសាព័ត៌មានថាលោកបានលើកយកអំណះអំណាងជាច្រើនដើម្បីបញ្ជាក់ដល់សាលាឧទ្ធរណ៍ថាការឃាត់ខ្លួនកូនក្តីរបស់លោកទាំងពីរនាក់នេះធ្វើឡើងខុសទៅនឹងនីតិវិធីច្បាប់ដោយសារតែការឃាត់ខ្លួននេះលើសរយៈពេល៤៨ម៉ោង។
លោកបញ្ជាក់ថាដោយសារមានកំហុសនីតិវិធីឃាត់ខ្លួនដូច្នេះកូនក្តីរបស់លោកគួរត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ។
សមត្ថកិច្ចនៃរបបលោកហ៊ុន សែនបានចាប់ឃុំខ្លួនអ្នកទាំងពីរកាលពីពាក់កណ្តាលខែកញ្ញាឆ្នាំ ២០១៧ពាក់ព័ន្ធនឹងការបទចោទ លួចផលិតព័ត៌មានបញ្ជូនមករដ្ឋធានីវ៉ាស៊ីនតុនតាមមាត្រា៤៤៥នៃក្រមព្រហ្មទណ្ឌ។
អ្នកទាំងពីរអាចប្រឈមមុខជាប់ពន្ធនាគារពី៧ ទៅ១៥ឆ្នាំ ប៉ុន្តែលោកអ៊ួន ឈិននិងលោកយាង សុធារិន បានបដិសេធការចោទប្រកាន់របស់តុលាការហើយថាពួកគេពុំបានប្រព្រឹត្តអ្វីដូចការចោទ ប្រកាន់របស់តុលាការនោះឡើយ។
រហូតមកទល់ពេលនេះស្ថានភាព សុខភាពរបស់លោកអ៊ួន ឈិន កំពុងប្រឈមបញ្ហាធ្ងន់ធ្ងរដោយសារបន្ទប់ពន្ធនាគារព្រៃសមានភាពចង្អៀតណែនតាន់តាប់ ហើយគ្មានអនាម័យដែលនាំឲ្យលោកធ្លាក់ខ្លួនឈឺទន់ខ្សោយជាប្រចាំ។
អង្គការលើកលែងទោសអន្តរជាតិ(Amnesty International)ចាត់ទុកអតីតអ្នកយកព័ត៌មានឲ្យវិទ្យុអាស៊ីសេរីទាំងពីររូបនេះជាអ្នកទោសមនសិការហើយទាមទារឱ្យរដ្ឋាភិបាលលោកហ៊ុន សែន ដោះលែងពួកគេដោយឥតលក្ខខណ្ឌ៕