លោកហ៊ុន សែន អះអាងជាថ្មីទៀតថាកម្ពុជាគ្មានវិបត្តិនយោបាយឡើយ ហើយថាស្ថានភាពនយោបាយរបស់ប្រទេសដំណើរការជាប្រក្រតីដូចធម្មតា។
លោកបន្តករណីលោកកឹម សុខា និងអ្នកទោសនយោបាយដ៏ទៃដែលកំពុងជាប់ឃុំឃាំងនោះវាជារឿងធម្មតាប៉ុណ្ណោះ ហើយបញ្ហានេះប្រទេសណាក៏មានដែរ។
អតីតកម្មាភិបាលខ្មែរក្រហមរូបនេះអះអាងថា គុកធ្វើឡើងសម្រាប់ដាក់អ្នកដែលមានទោសករណីក្បត់ជាតិ ដូច្នេះកម្ពុជាមិនមែនជាប្រទេសមានសង្រ្គាម និងអស្ថេរភាពអ្វីនោះឡើយខណៈកម្មកររោងចក្រកំពុងធ្វើការតាមធម្មតាកសិករកំពុងធ្វើកសិកម្មតាមធម្មតា រួមទាំងវិស័យទេចរណ៍ផងដែរ។
ទោះជាមានការអះអាងបែបនេះក៏ដោយ ប្រទេសមហាអំណាចជាច្រើនដូចជាសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបបានថ្កោលទោសការដឹកនាំរបស់ហ៊ុន សែនជាបន្តបន្ទាប់ដោយជំរុញឲ្យលោកបង្វែរស្ថានការវិលមករកភាពប្រក្រតីវិញ។
លោកហ៊ុន សែនថ្លែងការពាររបបរបស់លោក ថាគ្មានវិបត្តិនយោបាយនេះមិនមែនជាលើកទី១ទេកន្លងមកលោក បានថ្លែងដូច្នេះ ជាហូរហែ ប៉ុន្តែអ្នកវិភាគវិញអះអាងថាកម្ពុជាកំពុងមិនត្រឹមតែមានវិបត្តិនយោបាយប៉ុណ្ណោះទេគឺកម្ពុជាកំពុងមានវិបត្តិសង្គម និងវិបត្តិសេដ្ឋកិច្ចថែមទៀត។
កាលពីថ្ងៃទី២១ខែមីនា ប្រទេសចំនួន៤៥ដែលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថែមទាំងបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសរបបលោកហ៊ុន សែនហើយប្រទេសទាំងនោះនឹងមានវិធានការបន្តបន្ទាប់ទៅលើរដ្ឋាភិបាលក្រុងភ្នំពេញកាន់តែធ្ងន់ធ្ងរជាងមុនប្រសិនបើ លោក ហ៊ុន សែននៅតែរឹងរុះមិនចង់វិលមករកតុចរចាដើម្បីឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅខែកក្កដាខាងមុខនេះ៕