ស្រ្តីខ្មែរ-អ៊ីស្លាមទីបីហើយបានវិលត្រលប់ពីប្រទេសអារ៉ាប់ប៊ីសាអូឌីត (Arabia Saudi) កាលពីថ្ងៃច័ន្ទក្រោយពេលស្រ្តីរូបនោះធ្វើការអស់រយៈពេលជាង១ឆ្នាំដោយមិនបានទទួលប្រាក់ខែ។
កញ្ញាម៉ាន គីរស់អាយុ២៨ឆ្នាំដែលមានស្រុកកំណើតក្នុងខេត្ត ត្បូងឃ្មុំ បានមកដល់ព្រលានយន្តហោះអន្តរជាតិទីក្រុងភ្នំពេញដោយសុវត្ថិភាព វិញក្រោយពីមានការជួយអន្តរាគមន៍ពីស្ថានទូតខ្មែរប្រចាំក្នុងប្រទេស គុយវែត(Kuwait)។
រដ្ឋលេខាធិការក្រសួងការងារលោក ឧស្មាន់ហាស់សានបានសរសេរ នៅលើគណនីហ្វេសប៊ុករបស់លោកថាកញ្ញាម៉ានគីរស់ ត្រូវបានមេខ្យល់បោកបញ្ឆោតនាងទៅកាន់ប្រទេសអារ៉ាប់ប៊ីសាអូឌីត ដោយធ្វើដំណើរឆ្លងកាត់ប្រទេសវៀតណាម។
កញ្ញាគីរស់បានប្តឹងទៅអាជ្ញាធរ របស់ប្រទេសអារ៉ាប់ថាម្ចាស់ផ្ទះបានប្រើកំលាំងពលកម្មនាងដោយ មិនអោយប្រាក់ខែអ្វីនោះឡើយ។
កញ្ញាបានប្រាប់ក្រុមអ្នកសាព័ត៌មានពេលចុះពីលើយន្តហោះមកថា នាងបានទៅធ្វើការនៅប្រទេសអារ៉ាប់តាមរយៈមេខ្យល់ ហើយនាងដឹងថាទៅធ្វើការងារនៅទីនោះទាំងខុសច្បាប់មែន ប៉ុន្តែដោយសារគ្រួសាររបស់នាងបានជំពាក់បំណុលគេច្រើនពេកដូច្នេះហើយទើបនាងប្រថុយទៅធ្វើការនៅទីនោះ ដើម្បីរកលុយទ្រទ្រង់ជីវភាពគ្រួសារ។
ពលរដ្ឋខ្មែរក្រីក្រភាគច្រើនត្រូវបានចេញទៅធ្វើការជាអ្នកបំរើការតាមផ្ទះនៅក្រៅប្រទេស ដើម្បីរកកម្រៃចិញ្ចឹមក្រុមគ្រួសារនៅឯស្រុកកំណើត ម្យ៉ាងទៀតដោយសារកម្ពុជាខ្វះខាតការងារសំរាប់ពលរដ្ឋរបស់ខ្លួនដែលនាំឲ្យមនុស្សចាប់ផ្តើមធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស។
មនុស្សភាគច្រើនបានធ្វើចំណាកស្រុកចេញទៅធ្វើការនៅប្រទេសថៃកោះតៃវ៉ាន់ម៉ាឡេស៊ី រហូតដល់ប្រទេសអារ៉ាប់បីសាអូឌីតជាដើម។
ជាលទ្ធផលពលរដ្ឋខ្មែរភាគច្រើនបានទទួលរងនៅការវាយធ្វើបាបការមើលងាយមើលថោក ការធ្វើទារុណកម្ម ការមិនទទួលបានប្រាក់ខែការបង្ខាំងទុក និងការបង្អត់អាហារជាដើម៕