29 C
Phnom Penh

គជបនឹងចាប់ផ្តើមចុះឈ្មោះគណបក្សនយោបាយនៅខែក្រោយនេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានដាក់កាលបរិច្ឆេទឱ្យគណបក្សនយោបាយសុំចុះបញ្ជីដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជាតិនាខែកក្កដាខាងមុខ។

សេចក្តីជូនដំណឹងរបស់គជបកាលពីថ្ងៃអង្គារឱ្យដឹងថាការចុះបញ្ជីគណបក្សនយោបាយនិងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ត្រូវធ្វើចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ដល់ថ្ងៃទី១៤ ខែឧសភាឆ្នាំ២០១៨ ខាងមុខ ហើយគណបក្សនយោបាយដែលមានបំណងឈរឈ្មោះបោះឆ្នោត ត្រូវទៅដាក់ពាក្យសុំចុះបញ្ជីនៅទីស្តីការគ.ជ.ប ក្នុងបរិវេណក្រសួងមហាផ្ទៃ។

ក្រុមតំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយចោលកាលពីខែវិច្ឆិកាឆ្នាំ២០១៧រំពឹងថារដ្ឋាភិបាល លោកហ៊ុន សែននឹងអាចផ្លាស់ប្តូរគោលជំហរអនុញ្ញាតឲ្យគណបក្ស ប្រឆាំងចូលរួមការបោះឆ្នោតទៅតាមគោលការណ៍ប្រជាធិបតេយ្យ ពិតប្រាកដ។

ប៉ុន្តែលោកហ៊ុន សែនប្រកាសម្តងហើយម្តងទៀតថាគ្មានផ្លូវដែលលោកត្រូវអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះជាដាច់ខាត។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោកខៀវ សុភ័គ បានប្រាប់ក្រុមអ្នកសាព័ត៌មានថា គណបក្សនយោបាយដែលបានចុះបញ្ជីមកកាន់ក្រសួងមហាផ្ទៃមានប្រមាណ ជិត៤០គណបក្ស។

ទោះជាយ៉ាងណាក៏ដោយសហរដ្ឋអាមេរិកបានប្រកាសផ្ដាច់ជំនួយអភិវឌ្ឍន៍ជាច្រើនពីកម្ពុជា ដោយថា រដ្ឋាភិបាលកម្ពុជាបានបំផ្លាញដល់លទ្ធិប្រជាធិបតេយ្យ។

ជាងនេះទៅទៀតសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបកំពុងពិចារណាការដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលលោកហ៊ុន សែន ប្រសិនបើលោកមិនព្រមបន្ទន់ឥរិយាបទដោះស្រាយវិបត្តិនយោបាយសព្វថ្ងៃនេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស