31 C
Phnom Penh

ជប៉ុននៅតែបន្តទាមទារឲ្យកម្ពុជាមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិកព្រឹទ្ធសភាជប៉ុនលោក យូគីហីសា ហ្វូជីតា (Yukihisa Fujita) កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះបានសួរដេញដោលទៅកាន់រដ្ឋមន្ត្រីការបរទេសជប៉ុនលោកកូណូ តារ៉ូ (Kono Taro) ពាក់ព័ន្ធនឹងគោលជំហររបស់ប្រទេសជប៉ុនអំពីវិបត្តិនយោបាយនៅកម្ពុជា។

សមាជិកព្រឹទ្ធសភាជប៉ុនដ៏មានវោហារ រូបនេះបានសម្តែងការព្រួយបារម្ភចំពោះការឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ការឃុំខ្លួនអ្នកនយោបាយជាច្រើនរូប ការរំលាយគណបក្សសង្គ្រោះជាតិ ការហាមមិនអោយមន្រ្តីបក្សប្រឆាំងចំនួន១១៨រូបធ្វើនយោបាយរយៈពេលប្រាំឆ្នាំការធ្វើទុក្ខបុកម្នេញសង្គមស៊ីវិល និងបណ្តាញសាព័ត៌មានឯករាជ្យនៅកម្ពុជា។

លោកបន្តថាប្រសិនបើជម្លោះនយោបាយរបស់កម្ពុជានៅតែបន្ត នោះការបោះឆ្នោតនៅខែកក្កដាខាងមុខនឹងរងការប៉ះទង្គិចធ្ងន់ធ្ងរ។

ជាការឆ្លើយតបលោកកូណូ តារ៉ូ (Kono Taro) រដ្ឋមន្ត្រីការបរទេសជប៉ុន បានមានប្រសាសន៍ថាជប៉ុននៅតែបន្តជំរុញឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលអាចទទួលយកបាន ហើយលោកសង្ឃឹមថាវិបត្តិនយោបាយនៅកម្ពុជានឹងអាចដោះស្រាយបានតាមរយៈជជែកគ្នារវាងខ្មែរនិងខ្មែរ។

ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល កាលពីពេលថ្មីៗនេះ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថាលោកបានជួបជាមួយមន្ត្រីនយោបាយនៃស្ថានទូតជប៉ុន ហើយមន្ត្រីរូបនោះបានប្រាប់លោកថាគោលជំហររបស់រដ្ឋាភិបាលជប៉ុនមិនប្រាកដថា នៅបន្តគាំទ្រដំណើរការនៃការបោះឆ្នោតនៅកម្ពុជារហូតទេប្រសិនបើស្ថានការណ៍នយោបាយនៅទីនោះ មិនវិវឌ្ឍន៍ទៅរកភាពល្អប្រសើរឡើងវិញគិតចាប់ពេលនេះ រហូតដល់ថ្ងៃបោះឆ្នោតនោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស