27.5 C
Phnom Penh

គ្រួសារជនរងគ្រោះក្នុងការវាយប្រហារដោយគ្រាប់បែកដៃអស់សង្ឃឹមពីការទទួលបានយុត្តិធម៌

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ្រួសាររបស់ជនរងគ្រោះដែលបានស្លាប់ក្នុងព្រឹត្តិការបោកគ្រាប់បែក កាលពីថ្ងៃទី៣០ ខែមីនាឆ្នាំ១៩៩៧អះអាងថាពួកគេនៅតែមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។

ពួកគេសង្ឃឹមថានៅពេលដែលរបបដឹកនាំសព្វថ្ងៃដួលរំលំពេលនោះយុត្តិធម៌ប្រាកដជានឹងមានពន្លឺជាមិនខាន។

កាលពីម្សិលម៉ិញនេះក្រុមតំណាងរាស្ត្ររបស់គណបក្សប្រឆាំងបានរៀបចំប្រារព្វពិធីសាសនាដើម្បីរំលឹកខួបទី២១ឆ្នាំនៃការបោកគ្រាប់បែកសម្លាប់ក្រុមបាតុករដែលដឹកនាំដោយលោកសមរង្ស៊ី ប្រឆាំងនឹងប្រព័ន្ធតុលាការពុករលួយនៅកម្ពុជា។

លោកសម រង្ស៊ីបានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក ចោទប្រកាន់លោកហ៊ុន សែនថាជាអ្នកនៅពីក្រោយឃាតកម្មបង្ហូរ ឈាមយ៉ាងសាហាវព្រៃផ្សៃនេះ។

ការវាយប្រហារដោយគ្រាប់បែកដៃកាលពីឆ្នាំ១៩៩៧ បានសំលាប់មនុស្សយ៉ាងហោចណាស់ចំនួន១៧នាក់ ហើយជិត២រយនាក់ផ្សេងទៀតរងរបួស។

លោកសម រង្ស៊ីបានបង្ហោះវីដេអូអំពីព្រឹត្តិការណ៍បោកគ្រាប់បែក និងសរសេរថាមេអង្គរក្សរបស់លោកហ៊ុន សែនគឺលោកហ៊ីង ប៊ុនហៀងជាអ្នករៀបចំអោយមានអំពើភេរវកម្មនេះតាមការបញ្ជាផ្ទាល់ពីលោកហ៊ុន សែន។

ទោះជាយ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវសុភ័គ្គបានប្រាប់សាព័ត៌មានក្នុងស្រុកថាសំណុំរឿងឃាតកម្មមួយនេះ នៅតែបន្ដការស៊ើបអង្កេតនៅឡើយ។

ប៉ុន្តែអនុប្រធានគណបក្សសង្គ្រោះជាតិលោកអេង ឆៃ អ៊ាង អះអាងថា ទោះបីឃាតករនិងមេក្លោងនៃអំពើហិង្សានេះ នៅមិនទាន់ត្រូវបានតុលាការហ៊ានវែកមុខក៏ដោយក៏ពួកឧក្រិដ្ឋជនទាំងអស់នោះ នឹងមិនអាចគេចផុតពីសំណាញ់យុត្តិធម៌នាពេលខាងមុខឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស