មន្រ្តីជាន់ខ្ពស់របស់ក្រសួងយុត្តិធម៌ព្រមានថា អ្នកស្រី ប៊ូ រចនា ភរិយារបស់លោកបណ្ឌិតកែម ឡីនឹងត្រូវប្រឈមនឹងការផ្តន្ទាទោសតាមផ្លូវច្បាប់ ប្រសិនបើអ្នកស្រីនៅតែមិនចូលរួមសវនាការ ជំនុំជម្រះលើជនជាប់ចោទឈ្មោះ អឿត អាង ឬ ជួប សំលាប់ ទៅតាមការកោះហៅរបស់តុលាការឧទ្ធរណ៍។
វិទ្យុសម្លេងសហរដ្ឋអាមេរិកលោកទូច ថារិទ្ធិអ្នកនាំពាក្យសាលាឧទ្ធរណ៍ប្រាប់វិទ្យុសម្លេងសហរដ្ឋអាមេរិកកាលពីម្សិលម៉ិញថា អ្នកស្រី ប៊ូ រចនាត្រូវតែចូលរួមដាច់ខាតនៅក្នុងសវនាការទៅតាមការកោះហៅរបស់តុលាការ ឬត្រូវមានមេធាវីតំណាងក្នុងនាមជាដើមបណ្តឹង។
លោកបន្តថា ប្រសិនបើដើមបណ្តឹងមិនចូលរួមតាមការកោះហៅទេ នោះនឹងត្រូវប្រឈមនឹងផ្លូវច្បាប់។
អ្នកស្រី ប៊ូ រចនាតែងប្រកាសជាច្រើនលើកច្រើនសារហើយថា អ្នកស្រីមិនបានដាក់ពាក្យបណ្តឹងដើម្បីទាមទាររកយុត្តិធម៌ក្នុងករណីឃាតកម្មស្វាមីរបស់អ្នកស្រីនោះទេ ដោយសារអ្នកស្រីមិនជឿលើប្រព័ន្ធ តុលាការរបស់កម្ពុជាក្នុងការផ្តល់យុត្តិធម៌ឲ្យស្វាមីរបស់អ្នកស្រី និងក្រុមគ្រួសារនោះ។
ដីកាកោះចេញថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ដោយព្រះរាជអាជ្ញា ហ៊ឹង ប៊ុនជា បានបង្គាប់ឲ្យអ្នកស្រី ប៊ូ រចនា ដែលក្នុងដីកានេះបញ្ជាក់ថា ជាដើមបណ្ដឹងរដ្ឋប្បវេណី ត្រូវចូលទៅសាលាឧទ្ធរណ៍នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ២រសៀល ដើម្បីជំនុំជម្រះលើជនជាប់ចោទឈ្មោះជួបសំលាប់។
លោកបណ្ឌិតកែម ឡីអ្នកសិក្សាស្រាវជ្រាវអំពីការអភិវឌ្ឍន៍សង្គមដែលតែងតែរិះគន់ការដឹកនាំរដ្ឋបាលរបស់លោក ហ៊ុន សែន មិនសំចៃមាត់ ត្រូវបានឃាតករបាញ់សម្លាប់ក្នុងហាងលក់កាហ្វេមួយកន្លែងក្នុងស្ថានីយ៍ចាក់សាំងក្បែភ្លើងស្តុបបូកគោកណ្តាលក្រុងភ្នំពេញកាលពី ខែកក្កដា ឆ្នាំ២០១៦។
ក្រុមអ្នកឃ្លាំមើលនិងមហាជនទូទៅចាត់ទុក ឃាតកម្មលើលោកបណ្ឌិតកែម ឡីធ្វើឡើងក្នុងហេតុផលនយោបាយដោយមានការសង្ស័យថារដ្ឋាភិបាលជាអ្នកនៅពីក្រោយឃាតកម្មខ្នាតធំមួយនេះ៕