អភិបាលរដ្ឋកាលីហ្វ័រញ៉ា(California)លោកជេរី ប្រោន(Jerry Brown) បានសម្រេចលើកលែងទោសឲ្យអតីតទណ្ឌិតចំនួន៥នាក់ ក្នុងនោះពីរនាក់ជាជនជាតិខ្មែរ ដែលកំពុងប្រឈមមុខនឹងការចាប់បញ្ជូនទៅប្រទេសកម្ពុជាវិញ។
ការលើកលែងទោសនេះ អាចលុបបំបាត់ប្រវត្តិដែលពលរដ្ឋខ្មែរទាំងពីរនាក់នេះធ្លាប់មានទោសនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាដែលអាជ្ញាធរសហព័ន្ធអាចដាក់បន្ទុកដើម្បីចាប់បញ្ជូនពួកគេទៅប្រទេសកំណើតវិញ។
ទោះជាយ៉ាងណាក៏ដោយការលើកលែងទោសនេះមិនអាច បញ្ឈប់ការបញ្ជូនពួកគេទៅកាន់ប្រទេសកម្ពុជាវិញនោះឡើយ។
ជនជាតិខ្មែរទាំងពីរនាក់នេះមានឈ្មោះចាន់ សុខា និងផាន់ភៀច ត្រូវបានសមត្ថកិច្ចសហរដ្ឋអាមេរិកចាប់ខ្លួនកាលពីឆ្នាំ ២០០២ និង ២០០៥ពីបទឧក្រិដ្ឋនិងអំពើហិង្សាក្នុងគ្រួសារ និងការជួញដូរគ្រឿងញៀន។
សាព័ត៌មានអាមេរិក NBC បានដកស្រង់សំដីលោក អាណុប ប្រាសាទ ដែលជាមេធាវីខាងផ្នែកអនោ្តប្រវេសន្តរបស់ក្រុមហ៊ុនច្បាប់ Asian Law Caucusចុះផ្សាយកាលពីថ្ងៃសៅរ៍ថាការលើកលែងទោសនេះបានផ្តល់ផលប្រយោជន៍យ៉ាងសម្បើមដល់ភាគីពាក់ព័ន្ធ។
មនុស្សជាច្រើនដែលធំឡើងដឹងក្តីក្នុងភាពក្រីក្រនិងរបួសផ្លូវចិត្ត ភាគច្រើនតែងធ្លាក់ខ្លួនទៅក្នុងបញ្ហាព្រហ្មទណ្ឌដែលនាំឱ្យមានការផ្តន្ទាទោសនិងដាក់ពន្ធនាគារ ដោយមិនបានដឹងថាការជាប់ឃុំឃាំងរបស់ពួកគេ អាចត្រូវប្រឈមមុខនឹងការបញ្ជូនអោយត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញនោះទេ។
របាយការណ៍របស់ភ្នាក់ងារអន្តោប្រវេសន៍និងគយរបស់សហរដ្ឋអាមេរិកអោយដឹងថាយ៉ាងហោចណាស់មានជនជាតិខ្មែរជាង ជិត២ពាន់នាក់ក្នុងសហរដ្ឋអាមេរិក កំពុងប្រឈមនឹងការបញ្ជូនទៅកាន់ប្រទេសកម្ពុជាវិញទាំងអស់។
ក្នុងចំណោមអ្នកទាំងនោះមានមនុស្ស ជិត១ពាន់៥រយនាក់ត្រូវបានផ្តន្ទាទោសករណីព្រហ្មទណ្ឌដែលនាំឱ្យពួកគេបាត់បង់សិទ្ធិក្នុងការរស់ស្របច្បាប់ក្នុងសហរដ្ឋអាមេរិក៕