ពលរដ្ឋខ្មែរដែលរងគ្រោះដោយការបណ្តេញចេញពីដីធ្លីនិងលំនៅដ្ឋាន ដោយបង្ខំជាង៣ពាន់នាក់នៅក្នុងខេត្តឧត្តរមានជ័យ កាលពីថ្ងៃច័ន្ទបាននាំគ្នាប្តឹងក្រុមហ៊ុនយក្សផលិតស្កអំពៅដ៏ធំរបស់ថៃឈ្មោះ មីត្រផូល(Mitr Phol)ទៅតុលាការរដ្ឋប្បវេណីថៃ។
ក្រុមប្រជាពលរដ្ឋបានលើកហេតុផលថាក្រុមហ៊ុនផលិតស្ករអំពៅមួយនេះ បានប្រព្រឹត្តិបទល្មើសជាច្រើនមកលើពលរដ្ឋកាលពីឆ្នាំ២០០៨ និងឆ្នាំ២០០៩។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការអភិវឌ្ឍន៍អន្តរជាតិមួយឈ្មោះ Inclusive Development Internationalបានចេញផ្សាយជាសាធារណៈ កាលពីថ្ងៃច័ន្ទម្សិលម៉ិញថានេះគឺជាបណ្តឹងផ្លូវច្បាប់ដំបូងបង្អស់មួយ ដែលបានដាក់នៅតុលាការថៃដោយដើមបណ្តឹងមកពីក្រៅប្រទេស ពាក់ព័ន្ធនឹងអំពើល្មើសប្រព្រឹត្តិដោយក្រុមហ៊ុនថៃនៅក្រៅប្រទេសថៃ ជាពិសេសនៅក្នុងប្រទេសកម្ពុជាតែម្តង។
ពាក្យបណ្តឹងនេះបានចោទក្រុមហ៊ុនថៃមួយនេះថាបានបណ្តេញពលរដ្ឋចេញពីលំនៅដ្ឋានដោយបង្ខំការដុតផ្ទះសម្បែង ការលួចយកកសិផលគោក្របីនិងការរឹបអូសយកដីធ្លី ដែលជាកម្មសិទ្ធិស្របច្បាប់របស់ប្រជាកសិករ។
ក្រុមហ៊ុនថៃផលិតស្ករអំពៅឈ្មោះ មិត្រ ផូល (Mitr Phol) គឺជាក្រុមហ៊ុនផលិតស្កអំពៅធំជាងគេទី៤នៅលើពិភពលោកដែលជាអ្នកផ្គត់ផ្គង់ដល់ក្រុមហ៊ុនធំៗដូចជាក្រុមហ៊ុន កូកាកូឡា(Coca-Cola)ប៉ិបស៊ី(Pepsi)និងក្រុមហ៊ុនភេសជៈជាច្រើន ទៀត៕