វីដេអូ

ក្រសួងមហាផ្ទៃ៖ទារកពីការពពោះជំនួស មុនថ្ងៃទី៨មករាឆ្នាំ២០១៨អាចយកចេញទៅក្រៅប្រទេសបាន

By ឌឹ ខេមបូឌា ដេលី

April 03, 2018

លោកស ខេងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃកាលពីចុងខែមិនា បានឲ្យដឹងថា អាជ្ញាធរអនុញ្ញាតឲ្យយកទារកកើតពីការពពោះជំនួស មុនថ្ងៃទី ៨ ខែមករាឆ្នាំ២០១៨អាចទៅចិញ្ចឹមនៅក្រៅប្រទេសបាន ទោះបីជាទារកនោះមានអាយុ១ខួបឬ២ខួបក៏ដោយ។

ក៏ប៉ុន្តែលោកបានហាមជាដាច់ខាតចំពោះករណីទារកកើតក្រោយថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨។

លោកស ខេងបានជំរុញឲ្យសមត្ថកិច្ចតាមដានស្វែងរក« អន្តរការី ឬជនដែលប្រើល្បិចឃុបឃិតអូសទាញឲ្យមានការពពោះជំនួស មកផ្តន្ទាទោសតាមច្បាប់។

កាសែតភ្នំពេញប៉ុស្តិ៍បានដកស្រង់សំដីរបស់រដ្ឋលេខាធិការក្រសួងមហាផ្ទៃអ្នកស្រីជូ ប៊ុនអេងចុះផ្សាយកាលពីថ្ងៃច័ន្ទទី ២ខែមេសា ថា សេចក្តីព្រាងច្បាប់ស្តីពីការពពោះជំនួស បានបញ្ចប់ត្រឹមតែមន្ត្រីបច្ចេកទេសប៉ុណ្ណោះប៉ុន្តែត្រូវការពិភាក្សាផ្តល់យោបល់បន្ថែមជាច្រើនទៀត។

អ្នកស្រីបន្តថាករណីស្នើសុំនាំទារកចេញនេះ គឺមានជាង១០ ករណី ដែលមានករណីខ្លះទារកបានយកចេញទៅរួចហើយ និងខ្លះទៀតកំពុងរៀបចំស្នើសុំវិហ្សា(Visa)នៅឡើយ។

កាលពីចុងឆ្នាំ២០១៦ រដ្ឋាភិបាលលោកហ៊ុន សែនបានចាត់ទុកករណីពពោះជំនួស ថាជារឿងខុសច្បាប់លើកលែងតែករណីមនុស្សធម៌ប៉ុណ្ណោះ ជាក់ស្តែងដូចជាករណីគូស្វាមីភរិយាខ្លះដែលមិនអាចមានកូនបាន ដោយប្រការណាមួយនិងចង់មានកូនដើម្បីបន្តត្រកូលរបស់ខ្លួន ហើយការពពោះជំនួសមិនមែនជាបញ្ហាចោទនោះឡើយ៕