26 C
Phnom Penh

គ.ជ.ប ប្រកាសឲ្យអ្នកមានបំណងចុះឈ្មោះអង្កេតការណ៍បោះឆ្នោត ត្រូវធ្វើឡើងឲ្យបានទាន់ពេលវេលា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) កាលពីថ្ងៃអង្គារបានអំពាវនាវដល់ក្រុមអ្នកសង្កេតការណ៍ជាតិ ដែលមានបំណងចង់ចុះឈ្មោះចូលរួមជាអ្នកសង្កេតការណ៍ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ឲ្យបានទាន់ពេលវេលា។

សេចក្តីប្រកាសរបស់គ.ជ.ប ដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី០៣ខែមេសាបានប្រកាសទទួលពាក្យសុំចុះឈ្មោះ អ្នកសង្កេតការណ៍ជាតិចាប់ផ្តើមពីថ្ងៃទី២៣ខែមេសាហើយបញ្ចប់នៅថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០១៨វេលាម៉ោង៥និង៣០នាទីល្ងាច។

គជបប្រកាសថាអ្នកសង្កេតការណ៍ជាតិគឺជាជនជាតិខ្មែរឬជន បរទេស ដែលជាសមាជិកនៃសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលត្រូវទទួលស្គាល់និងអនុញ្ញាតដោយគ.ជ.ប។

ចំណែក បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌសមាជិកក្រុមប្រឹក្សាសង្កាត់មេភូមិជំនួយការភូមិនិងកម្លាំងប្រដាប់អាវុធមិនត្រូវបានអនុញ្ញាត ឱ្យធ្វើជាអ្នកសង្កេតការណ៍ដើម្បីសង្កេតមើលដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតទេ។

កន្លងមកគ.ជ.បក៏បានប្រកាសម្តងហើយម្តងទៀតថា ដំណើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តក្នុងខែកក្កដា ខាងមុខនឹងប្រព្រឹត្តទៅតាមការគ្រោងទុក បើទោះបីជាគ្មានវត្តមានរបស់គណបក្សសង្គ្រោះជាតិចូលរួមក៏ដោយ។

ស្ថាប័នរៀបចំការបោះឆ្នោតមួយនេះក៏បានប្រកាសដែរថាដំណើរការបោះឆ្នោតនៅពេលខាងមុខនឹងធ្វើឡើងដោយរលូនទោះបីគ្មានការជួយជ្រោមជ្រែងពីសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកក៏ដោយ។

សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកកន្លងមកបានប្រកាសផ្តាច់ជំនួយដល់ស្ថាប័នរៀបចំការបោះឆ្នោតដោយសាររដ្ឋាភិបាលក្រុងភ្នំពេញបានរំលាយគណបក្សសង្គ្រោះជាតិ ចាប់ខ្លួនមេដឹកនាំរបស់បក្សនេះគឺលោកកឹម សុខានិងសកម្មជននយោបាយជាច្រើនរូបដាក់ពន្ធនាគារ ធ្វើទុក្ខបុកម្នេញក្រុមសង្គមស៊ីវិលនិងបណ្តាញសាព័ត៌មានឯករាជ្យជាដើម។

បណ្តាប្រទេសលោកសេរីទាំងនេះបានគំរាមរួចហើយថា ពួកគេនឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនេះប្រសិនបើបក្សសង្គ្រោះជាតិមិនបានចូលរួមនោះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស