34 C
Phnom Penh

អង្គការទន្លេអន្តរជាតិទាមទារឲ្យមេដឹកនាំនៃប្រទេសតាមដងទន្លមេគង្គបញ្ឈប់ការសាងសង់ទំនប់វារីអគ្គីសនី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការទន្លេអន្តរជាតិ(International Rivers) ជំរុញឲ្យមេដឹកនាំនៃបណ្តាប្រទេសដែលរស់នៅតាមដងទន្លមេគង្គបញ្ឈប់ការកសាងទំនប់វារីអគ្គីសនីបន្ថែមទៀតដោយសារមានការប៉ះទង្គិចខ្លាំងទៅលើជីវភាពរស់នៅរបស់ពលរដ្ឋ។

សេចក្តីថ្លែងការណ៍អង្គការទន្លេអន្តរជាតិដែលចេញផ្សាយកាលពីម្សិលម៉ិញបានស្នើឲ្យមេដឹកនាំនៃបណ្តាប្រទេសទាំងនោះទទួលស្គាល់អំពីផលប៉ះពាល់នៃហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកជាពិសេសទំនប់វារីអគ្គីសនីនៅក្នុងអាងទន្លេមេគង្គក្រោម។

អង្គការទន្លេអន្តរជាតិមួយនេះ បានស្នើឲ្យមានការសិក្សារួមគ្នានៅក្នុងតំបន់ឲ្យបានស៊ីជម្រៅជាមុនអំពីផលប៉ះពាល់នៃទំនប់វារីអគ្គីសនីសិនមុននឹងធ្វើការសាងសង់។

សេចក្តីថ្លែងការណ៍របស់អង្គការនេះធ្វើឡើងក្រោយពេលបញ្ចប់កិច្ចប្រជុំកំពូលនៃគណៈកម្មាការទន្លមេគង្គលើកទី៣ ក្នុងខេត្តសៀមរាបកាលពីម្សិលម៉ិញ។

ប្រទេសនៅតាមដងទន្លេមេគង្គរួមមានកម្ពុជាវៀតណាម ឡាវ ភូមា និង ចិនទទួលស្គាល់អំពីតម្រូវការទឹកម្ហូបអាហារ ការខូចខាតនៃបរិស្ថាន និងកំណើនប្រជាជនដែលពួកគេត្រូវរួមគ្នាដោះស្រាយសំរាប់អនាគត និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃទន្លេមេគង្គ។

ក្រុមអ្នកឃ្លាំមើលខាងផ្នែកបរិស្ថានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីផលប៉ះពាល់នៃទំនប់វារីអគ្គីសនីធំៗចំនួន ៦ ដែលប្រទេសចិនបានសាងសង់នៅលើដងទន្លេមេគង្គក្នុងប្រទេសចិននិង គម្រោងសាងសង់ទំនប់វារីអគ្គីសនីចំនួន ១២០ ដែលគ្រោងសង់ឲ្យអស់ត្រឹមឆ្នាំ ២០៤០។

ពួកគេនិយាយថាទំនប់វារីអគ្គសនីទាំងនេះ កំពុងគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់ប្រព័ន្ធជីវៈចម្រុះ បរិស្ថាន និង ជីវភាពរស់នៅរបស់ពលរដ្ឋ រាប់លាននាក់ដែលរស់នៅផ្នែកខាងក្រោមនៃទន្លេមេគង្គ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស