ប្រធានគណបក្សសង្គ្រោះជាតិលោកកឹមសុខាអះអាងថា ដើម្បីដោះស្រាយវិបត្តិនយោបាយសព្វថ្ងៃគឺមានតែរូបមន្តមួយគត់ដែលមានប្រសិទ្ធិភាពនោះគឺការចរចារវាងគណបក្សដ៏ធំទាំងពីរ។
ការអះអាងរបស់លោកកឹម សុខា ធ្វើឡើងទៅកាន់ក្រុមមេធាវីរបស់លោកកាលពីថ្ងៃទី០៤ខែមេសា ខណៈពួកគេបានចូលសួរសុខទុក្ខលោកនៅពន្ធនាគាត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំកាលពីថ្ងៃទី០៤ខែមេសាកន្លងទៅនេះ។
លោកកឹម សុខា បានអំពាវនាវសាជាថ្មីទៀតឲ្យតុលាការដោះលែងរូបលោកឲ្យបាននៅក្រៅឃុំ ដើម្បីអាចអោយលោកមានលទ្ធភាពទៅព្យាបាលជម្ងឺនៅក្រៅប្រទេស និងអាចធ្វើការចរចាជាមួយគណបក្សប្រជាជនកម្ពុជាបាន។
ទោះជាយ៉ាងណាក៏ដោយលោក ហ៊ុន សែនធ្លាប់អះអាងម្តងហើយម្តង ទៀតថាលោកគ្មានផ្លូវដែលត្រូវធ្វើការចរចាជាមួយក្រុមមនុស្សដែល កំពុងជាប់ពន្ធនាគារនោះ។
លោកតែងបញ្ជាក់ជំហរថាការបោះឆ្នោតនៅពេលខាងមុខនឹងធ្វើឡើងទៅតាមការគ្រោងទុកទោះគ្មានគណបក្សសង្គ្រោះជាតិចូលរួមក៏ដោយ។
ប៉ុន្តែក្រុមប្រទេសលោកសេរីជាច្រើនដូចជាសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបថ្កោលទោសរដ្ឋាភិបាលលោកហ៊ុន សែន ជាបន្តបន្ទាប់អំពីការរំលាយគណបក្សសង្រ្គោះជាតិ ហើយជាងនេះទៅទៀតពួកគេក៏បានព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់រដ្ឋាភិបាលទីក្រុងភ្នំពេញ តាមរយៈការបញ្ឈប់ការអនុគ្រោះពន្ធលើផលិតផលកាត់ដេររបស់កម្ពុជាថែមទៀត៕