រដ្ឋមន្រ្តីការបរទេសជប៉ុនលោកតារ៉ូ កូណូ(Taro Kono)នឹងមក ធ្វើទស្សនកិច្ចនៅកម្ពុជានៅថ្ងៃអាទិត្យទី៨ខែមេសាខាងមុខនេះ។
សេចក្តីថ្លែងការណ៍ ក្រសួងបរទេសកម្ពុជាដែលចេញផ្សាយជាសាធារណៈកាលពីម្សិលម៉ិញឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសជប៉ុនលោកតារ៉ូ កូណូ(Taro Kono)គ្រោងនឹងចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានឥតសំណងនិងឥណទានដល់កម្ពុជាប្រមាណជាង ៩០លានដុល្លារ។
ជាងនេះទៅទៀតលោកតារ៉ូ កូណូ គ្រោងនឹងជួបនឹងជាមួយលោកហ៊ុន សែនផងដែរ។
កាលពីខែមីនាកន្លងទៅនេះ រដ្ឋាភិបាលជប៉ុនធ្លាប់បានបរាជ័យម្តងរួចទៅហើយក្នុងការជួយសម្របសម្រួលវិបត្តិនយោបាយរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។
លោក ហ៊ុន សែន ធ្លាប់បានប្រកាសបដិសេធដាច់អហង្គការថាលោកគ្មានផ្លូវ ចរចា ឬសម្របសម្រួលនយោបាយជាមួយក្រុមមេដឹកនាំបក្សសង្គ្រោះជាតិជាដាច់ខាត។
សមាជិកព្រឹទ្ធសភាជប៉ុនជាច្រើនកាលពីចុងខែមីនាបានសម្តែងការព្រួយបារម្ភចំពោះការរំលាយគណបក្សសង្គ្រោះជាតិការឃុំខ្លួនលោកកឹម សុខាប្រធានគណបក្សសង្គ្រោះជាតិការហាមមិនឲ្យមន្រ្តីបក្សប្រឆាំងចំនួន១១៨រូបធ្វើនយោបាយរយៈពេលប្រាំឆ្នាំការធ្វើទុក្ខបុកម្នេញសង្គមស៊ីវិល និងបណ្តាញសាព័ត៌មានឯករាជ្យនៅកម្ពុជា។
ពួកគេនិយាយថាប្រសិនបើជម្លោះនយោបាយរបស់កម្ពុជានៅតែបន្តនោះការបោះឆ្នោតនៅខែកក្កដាខាងមុខនឹងរងការប៉ះទង្គិចធ្ងន់ធ្ងរ។
លោកតារ៉ូ កូណូ(Taro Kono) រដ្ឋមន្ត្រីការបរទេសជប៉ុន ធ្លាប់មានប្រសាសន៍ថា ជប៉ុននៅតែបន្តជំរុញឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលអាចទទួលយកបាន ហើយលោកសង្ឃឹមថាវិបត្តិនយោបាយនៅកម្ពុជានឹងអាចដោះស្រាយបានតាមរយៈការជជែកគ្នារវាងខ្មែរនិងខ្មែរ៕