30 C
Phnom Penh

លោកសម រង្ស៊ីសុំឲ្យពលរដ្ឋកុំទៅបោះឆ្នោតខែកក្កដាខាងមុខ បើគ្មានវត្តមានគណបក្សសង្គ្រោះជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានចលនាសង្គ្រោះជាតិលោកសម រង្ស៊ីកាលពីថ្ងៃសៅរ៍ បានប្រកាសឲ្យពលរដ្ឋធ្វើពហិការការបោះឆ្នោតជាតិនាខែកក្កដា ខាងមុខប្រសិនបើរដ្ឋាភិបាលទីក្រុងភ្នំពេញបិទផ្លូវមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិចូលរួមប្រកួតប្រជែងនោះ។

វិទ្យុអាស៊ីសេរីកាលពីថ្ងៃសៅរ៍បានដកស្រង់សំដីលោកសមរង្ស៊ី ចុះផ្សាយថាការបោះឆ្នោតជាតិនាពេលខាងមុខនឹងគ្មានន័យ និងមិនមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិនោះឡើយ។

ជាងនេះទៅទៀតលោកជំរុញឲ្យពលរដ្ឋម្ចាស់ឆ្នោតបោះបង់ចោលការចូលរួមការបោះឆ្នោតបែបលេងសើចដូច្នេះ។

ដំណើរការបោះឆ្នោតនៅកម្ពុជានឹងចាប់ផ្តើមនៅថ្ងៃទី២៩ ខែកក្កដា ស្របពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នឹងចាប់ផ្តើមចុះឈ្មោះបេក្ខជនឈរតំណាងរាស្រ្តចាប់ពីថ្ងៃទី៣០ខែមេសាដល់ថ្ងៃទី១៥ខែឧសភា។

លោកហ៊ុន សែនធ្លាប់ប្រកាសជំហរម្តងហើយម្តងទៀតថា ការបោះឆ្នោតខែកក្កដា ខាងមុខនឹងធ្វើឡើងទៅតាមការគ្រោងទោះគ្មានវត្តមានរបស់គណបក្សសង្គ្រោះជាតិក៏ដោយ។

ប៉ុន្តែលោកសម រង្ស៊ី អះអាងថាគណបក្សដែលមានសមត្ថភាពប្រកួតប្រជែងការបោះឆ្នោតជាមួយគណបក្សកាន់អំណាចបច្ចុប្បន្នបានមានតែគណបក្សសង្គ្រោះជាតិតែមួយប៉ុណ្ណោះ។

លោកបន្តថា គណបក្សតូចតាចដ៏ទៃទៀតដែលកំពុងចូលរួមក្នុងដំណើរការបោះឆ្នោត នៅពេលខាងមុខនេះគ្រាន់តែដើម្បីប្រថាប់ត្រាឲ្យគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ។

រហូតមកទល់ពេលនេះ គ.ជ.បកំពុងអំពាវនាវឲ្យមានការចូលរួមរបស់ អន្តរជាតិដើម្បីអង្កេតការណ៍បោះឆ្នោតនៅកម្ពុជាប៉ុន្តែអតីតប្រធាន គណបក្សសង្គ្រោះជាតិលោកសម រង្ស៊ី បានជំរុញឲ្យអ្នកអង្កេតការណ៍អន្តរជាតិទាំងអស់ធ្វើពហិការចំពោះការបោះឆ្នោតមួយនេះ ប្រសិនបើការបោះឆ្នោតនោះធ្វើឡើងដោយមិនតម្លាភាព និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស