វីដេអូ

មន្រ្តីការបរទេសជប៉ុនជំរុញឲ្យកម្ពុជាធានាការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ នាខែកក្កដា

By ឌឹ ខេមបូឌា ដេលី

April 10, 2018

រដ្ឋមន្ត្រីការបរទេសជប៉ុនលោកតារ៉ូ កូណូ (Taro Kono) បានជំរុញអោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែនធានាថា ការបោះឆ្នោត នាពេលខាងមុខធ្វើឡើងឲ្យមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។

លោក តារ៉ូ កូណូ (Taro Kono) និងលោក ហ៊ុន សែន បានជួបគ្នាកាលពីថ្ងៃអាទិត្យក្នុងទីក្រុងភ្នំពេញ ស្របពេលដែលក្រុមអ្នកសង្កេតការណ៍អន្តរជាតិបានសម្តែងការព្រួយបារម្ភអំពីការបោះឆ្នោតដែលគ្រោងធ្វើនៅខែកក្កដាដែលធ្វើឡើងដោយមិនមានគណបក្សសង្គ្រោះជាតិ។

រដ្ឋាភិបាលកម្ពុជាបានរំលាយគណបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជាកាលពីចុងឆ្នាំ២០១៧ក្រោយពីគណបក្សមួយនេះបានទទួលអាសនៈច្រើនសម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ-សង្កាត់ កាលពីខែមិថុនា ឆ្នាំ២០១៧។

សារព័ត៌មានជប៉ុន NHK បានដកស្រង់សម្តីលោក តារ៉ូ កូណូ (Taro Kono) ចុះផ្សាយកាលពីថ្ងៃច័ន្ទ ក្រោយពេលដែលលោកបានប្រាប់ទៅ លោក ហ៊ុន សែន ថា ការបោះឆ្នោតនៅពេលខាងមុខត្រូវធ្វើឡើងឱ្យបានត្រឹមត្រូវតាមឆន្ទៈរបស់ប្រជាជន។

រដ្ឋមន្រ្តីការបរទេសជប៉ុនបានដកស្រង់សម្តីលោកហ៊ុន សែន ដោយនិយាយថា ការបោះឆ្នោតនៅពេលនោះនឹងធ្វើឡើងដោយសេរី និងយុត្តិធម៌។

នៅក្រោយជំនួបជាមួយលោក ហ៊ុន សែន លោក តារ៉ូ កូណូ (Taro Kono) ក៏បានជួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ដើម្បីចុះហត្ថលេខាផ្តល់ប្រាក់ជំនួយនិងប្រាក់កម្ចីជាង៩០លានដុល្លារសហរដ្ឋអាមេរិកសម្រាប់កសាងរោងចក្រអគ្គិសនី ក្នុងទីក្រុងភ្នំពេញ។

លោកកូណូបានប្រាប់ក្រុមអ្នកយកព័ត៌មានថា ជប៉ុនគឺជាមិត្តដ៏យូរឆ្នាំរបស់កម្ពុជា ហើយជប៉ុនមិនចង់ឃើញប្រទេសអាស៊ីអាគ្នេយ៍មួយនេះប្រឈមនឹងការរិះគន់ពីសហគមន៍អន្តរជាតិនោះទេ។

ជាចុងក្រោយលោកបញ្ជាក់យ៉ាងខ្លីថា ជប៉ុននឹងបន្តតាមដានស្ថានការណ៍នៅកម្ពុជា យ៉ាងយកចិត្តទុកដាក់៕