29.3 C
Phnom Penh

គ.ជ.ប.ព្រមានប្រើវិធានការច្បាប់ទៅលើអ្នកទាមទារឲ្យពលរដ្ឋពហិការការបោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)​ កាលពីម្សិលមិញបាន ព្រមានចាត់​វិធាន​ការតាមផ្លូវច្បាប់ចំពោះបុគ្គលណាដែលហ៊ានអំពាវ​នាវឲ្យពលរដ្ឋបោះបង់ការចូលរួមបោះឆ្នោត និងការអំពាវនាវមិនឱ្យអ្នក​សង្កេតការណ៍ជាតិអន្តរជាតិចូលរួមសង្កេតការណ៍បោះឆ្នោតជាតិនាខែកក្កដា ខាងមុខ ។

គ.ជ.ប. ចាត់ទុកការអំពាវ​នាវ​ទាំងនេះថា ជារឿងខុសច្បាប់ និងស្នើឱ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់។

គ.ជ.ប​.​អះអាងថា ដំណើរការរៀបចំការ​បោះ​ឆ្នោត​ជាតិនាពេលខាងមុខនេះនឹង កំពុងដំណើរ​ការ​យ៉ាងរលូនស្របតាមគោលការណ៍ច្បាប់ និងរដ្ឋធម្មនុញ្ញរបស់ប្រទេស។

ប្រតិកម្មរបស់គ.ជ.ប.ពេលនេះ ធ្វើឡើងក្រោយពីអតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី អំពាវ​នាវ​ឱ្យពលរដ្ឋខ្មែរកុំទៅបោះឆ្នោត ប្រសិនបើគ្មាន​ការចូលរួមពីគណបក្សសង្គ្រោះជាតិ។

កាលពីសប្តាហ៍កន្លងទៅ នេះប្រធានអង្គការឃ្លាំ​មើលការបោះឆ្នោត ខុមហ្រ្វែល (COMFREL) លោក គល់ បញ្ញា បានជំរុញឲ្យ អ្នកសង្កេត​ការណ៍​អន្តរជាតិ គប្បីពិចារណាឲ្យបានហ្មត់ចត់ជាង​ពេលណាៗទាំងអស់ មុននឹងឆ្លើយតបទៅនឹងការប្រកាសរកអ្នកសង្កេតការណ៍អន្តរជាតិឲ្យចូលរួមសង្កេតការណ៍បោះឆ្នោតជាតិនាខែកក្កដាខាងមុខ។

ទោះបីជាគ.ជ.ប. ប្រកាស ថា ដំណើរការបោះ​ឆ្នោត ជាតិកំពុងប្រព្រឹត្តទៅដោយរលូនយ៉ាងណា ក្តី ប៉ុន្តែលទ្ធផលនៃការបោះឆ្នោតនាខែកក្កដាខាងមុខអាចនឹងគ្មានការទទួល ស្គាល់ពីសហគមន៍អន្តរជាតិ។

រហូតមកទល់ពេលនេះ សហគមន៍អឺរ៉ុប និងសហ​រដ្ឋ​អាមេរិកកំពុង ត្រៀមខ្លួនជាស្រេចក្នុងការដាក់​ទណ្ឌ​កម្ម​សេដ្ឋកិច្ចដល់រដ្ឋាភិបាលលោក ហ៊ុន សែន ប្រសិន​ការបោះឆ្នោតជាតិនាពេលខាងមុខ ធ្វើឡើងដោយគ្មានគណបក្សសង្គ្រោះជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស