ពលរដ្ឋខ្មែរដែលកំពុងធ្វើការជាកម្មករនៅក្នុងប្រទេសថៃជាច្រើនកំពុងនាំគ្នាសម្រុកចូលមកកម្ពុជាវិញក្នុងមួយថ្ងៃមានពី៤រយ ទៅ៥រយនាក់ នៅតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មីនៅស្រុកកំណើតរបស់ពួកគេ។
គេហទំព័ររបស់អគ្គស្នងការនគរបាលជាតិកាលពីថ្ងៃទី៩ ខែមេសា បានដកស្រង់សម្តីលោកឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចុះផ្សាយថា ពលករខ្មែរដែលវិលត្រឡប់មកស្រុកកំណើតវិញ រយៈពេល២ទៅ៣ថ្ងៃមកនេះ គឺមានច្រើន បើប្រៀបធៀបទៅនឹងឆ្នាំមុន គឺមានចំនួន ប្រមាណពី៣០០ទៅ៤០០នាក់ ក្នុងមួយថ្ងៃៗ។
លោកបន្តថា អាជ្ញាធរថៃ ក៏បានចាប់បញ្ជូនពលករខ្មែរដែលទៅធ្វើការខុសច្បាប់ តាមរយៈមេខ្យល់ក្នុងប្រទេសថៃ ប្រមាណពី១០០នាក់ ទៅ១៥០នាក់ក្នុង១ថ្ងៃ រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
លោកស៊ឹម សំអាត បន្ថែមថា ចាប់ពីពេលនេះតទៅចំនួន ប្រជាពលរដ្ឋខ្មែរ ដែលទៅធ្វើការនៅប្រទេសថៃនឹងត្រឡប់មកស្រុកកំណើរវិញ មុនថ្ងៃបុណ្យឆ្នាំថ្មី អាចកើនឡើងរៀងរាល់ថ្ងៃ រហូតដល់ថ្ងៃជិតប្រារព្ធបុណ្យចូលឆ្នាំថ្មី។
លោកសំណូមពរ កុំអោយរថយន្តក្រុងនិងរថយន្តតាក់ស៊ីឡើងថ្លៃឈ្នួល ដើម្បីសំរួលការធ្វើដំណើររបស់ពលរដ្ឋ៕