31 C
Phnom Penh

លោកហ៊ុន សែនបានសម្តែងមោទនភាពថា កម្ពុជាកំពុងមានការរីកចំរើនខាងវិស័យឧស្សាហកម្ម និងសិប្បកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន អះអាងថា វិស័យឧស្សាហកម្ម និងសិប្បកម្មរបស់កម្ពុជាកំពុងមានការរីកចំរើនលូត​លាស់ជាបន្តបន្ទាប់ ស្របពេលដែល​រោង​ចក្រសរុបចំនួនជាង១ពាន់៥រយ ដែលភាគច្រើនជារោង​ចក្រកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងសិប្បកម្មជាង៣ម៉ឺន ៩ពាន់កន្លែង ដែលបានស្រូបកម្លាំងពលកម្មសរុបប្រមាណជាង១លាននាក់។

ការបង្ហាញអំពីមោទនភាពរបស់លោក ហ៊ុន សែន​ធ្វើឡើង តាមរយៈសារលិខិតមួយជូនជនរួមជាតិ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។

ទោះជាយ៉ាងណាក៏ដោយប្រធានសហជីពC-CAWDU លោក អាត់ ធន់ ធ្លាប់អះអាងថា រោង​ចក្រ​កាត់ដេរនៅកម្ពុជាមួយចំនួន កំពុងបិទទ្វារ លែងដំណើរការ ស្របពេលដែលសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកគំរាមកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធនាំចេញផលិតផលសំលៀកបំពាក់របស់កម្ពុជាទៅលក់នៅទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនបើកឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេនោះ។

ពាក់ព័ន្ធនឹងវិស័យឧស្សហកម្មកាត់ដេរនេះដែរ កាលពីចុងខែមិនាកន្លងទៅនេះ សមាគមខាងផ្នែកវាយនភណ្ឌរបស់អាមេរិកាំងជាច្រើនក៏បានសម្តែងការព្រួយបារម្ភចំពោះការរំលោភសិទ្ធិការងារ និងសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា ដែលអាចនាំឲ្យប៉ះទង្គិចខ្លាំងដល់ការធ្វើជំនួញរបស់រដ្ឋាភិបាលកម្ពុជាជាមួយអន្តរជាតិ។

សមាគមវាយនភណ្ឌ និងស្បែកជើង (AAFA) សមាគមសមធម៌ខាងការងារ (FLA) និងអង្គការសមាគមខាងសំលៀករបស់អាមេរិកាំងមួយចំនួនទៀត បានរួមគ្នាសរសេរលិខិតមួយច្បាប់ផ្ញើទៅកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៩ ខែមីនា កន្លងទៅនេះដើម្បីបង្ហាញការព្រួយបារម្ភចំពោះការចោទប្រកាន់បទព្រហ្មទណ្ឌទណ្ឌមួយចំនួនទៅលើលោក មឿន តុលា ប្រធាន​អង្គការការពារសិទ្ធិការងារ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ និងលោក ប៉ា ងួនទៀង ប្រធានមជ្ឈមណ្ឌលដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ជា មុន្នី អតីតប្រធានសហជីពសេរីកម្មករ លោកអាត់ ធន់ ប្រធានសហជីពC-CAWDU និង ក្រុមសមាជិកសហជីពជាច្រើនទៀត។

ក្រុមនេះ បានជំរុញឲ្យរដ្ឋាភិបាលក្រុងភ្នំពេញធានាអំពីការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋជាពិសេសក្រុមអ្នកធ្វើការងារខាងផ្នែកឃ្លាំមើលសិទ្ធិមនុស្ស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស