លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃអង្គារបានប្រកាសថា សមត្ថកិច្ចរបស់លោកបានទប់ស្កាត់រួចរាល់ហើយ ចំពោះគំរោងរបស់លោក សម សេរី មេដឹកនាំចលនារណៈសិរ្សរំដោះជាតិខ្មែរ ដែលមានបំណងចង់បំផ្ទុះគ្រាប់នៅម្ដុំវត្តភ្នំ កណ្តាលទីក្រុងភ្នំពេញ និងនៅខេត្តសៀមរាប នៅថ្ងៃទី១២មេសា ខាងមុខ។
ការអះអាងរបស់លោក ហ៊ុន សែន ធ្វើឡើងនៅចំពោះមុខនិស្សិតរាប់ពាន់នាក់ ក្នុងកម្មវិធីចែកសញ្ញាប័ត្រកាលពីម្សិលមិញ។
លោកហ៊ុន សែន អះអាងថា អ្នកដែលទទួលបញ្ជាឲ្យធ្វើសកម្មភាពដាក់បំផ្ទុះគ្រាប់នោះ ចង់ធ្វើយ៉ាងណាឲ្យមានការបង្កជាសំឡេងផ្ទុះឡើង មុនថ្ងៃចូលឆ្នាំ ប៉ុន្តែផែនការនោះបានបរាជ័យ។
មេដឹកនាំចលនារណៈសិរ្សរំដោះជាតិខ្មែរ លោក សម សេរី ដែលមាន មូលដ្ឋាននៅប្រទេសដាណឺម៉ាក បានអះអាងនៅលើបណ្តាញសង្គមហ្វេសបុកកាលពីថ្ងៃអង្គារថា លោកសូមបដិសេធទាំងស្រុងចំពោះការចោទប្រកាន់របស់លោក ហ៊ុន សែន។
លោក សម សេរី បញ្ជាក់ថា ការតស៊ូទាមទាររបស់ចលនារណសិរ្សរំដោះជាតិគឺផ្អែកលើធម៌អហិង្សា។
លោកបន្តថា ក្រុមរបស់លោកមានតែប៊ិច និងសៀវភៅប៉ុណ្ណោះដើម្បីតតាំងជាមួយរដ្ឋាភិបាលទីក្រុងភ្នំពេញស្របតាមឆន្ទៈនៃស្មារតីរបស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
កាលពីឆ្នាំ២០១៤ យ៉ាងហោចណាស់មានមនុស្ស១៣នាក់ ត្រូវបានសមត្ថកិច្ចទីក្រុងភ្នំពេញចាប់ខ្លួនដោយចោទប្រកាន់ពីបទរៀបចំផែនការជាមួយចលនារណសិរ្សរំដោះជាតិដើម្បី ផ្តួលរំលំរដ្ឋាភិបាល។
ពួកគេត្រូវបានតុលាការក្រុងភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចន្លោះពី ៥ឆ្នាំដល់៩ឆ្នាំ៕