វីដេអូ

រដ្ឋាភិបាលកំពុងដំណើរការសងប្រាក់ដល់កម្មករដែលថៅកែរត់ចោល

By ឌឹ ខេមបូឌា ដេលី

April 12, 2018

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងផ្តល់ថវិកាដល់កម្មករ ចំនួនជាង២ពាន់នាក់ ដែលម្ចាស់រោងចក្រចំនួន៤រត់ចោល។

រោងចក្រទាំងនោះរួមមានរោងចក្រGreat Honor រោងចក្រអ៊ីហ្វា រោងចក្រ ប៊ីណូ និងរោងចក្រជុងហ្វៃ។

ក្រសួងការងារ កាលពីថ្ងៃពុធ ប្រកាសថា ការបើកថវិកាដល់កម្មករនិយោជិក ដែលម្ចាស់រោងចក្រចំនួនបួនរត់ចោលនេះ ធ្វើឡើងក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃចន្ទទី៩ ខែមេសា រហូតដល់ថ្ងៃព្រហស្បតិ៍ ទី១២ ខែមេសានេះ។

ចំណែករោងចក្រ៥ផ្សេងទៀត ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈនឹងជូនដំណឹងនៅពេលក្រោយទៀត។

ទោះជាយ៉ាងណាក៏ដោយ ក្រុមសហជីពមួយចំនួននៅកម្ពុជា អះអាងថា ការបើកប្រាក់បុរេប្រទានដល់កម្មករកាត់ដេរដែលថៅកែរត់ចោល ទាំងនោះមានភាពមិនប្រក្រតីមួយចំនួន ខណៈមានសេចក្តីរាយការណ៍មួយចំនួនអំពីការមិនសុខចិត្តរបស់កម្មករមួយចំនួនដែលទទួលបានលុយតែ៥០ទៅ៦០ដុល្លារដោយមិនដឹងពីមូលហេតុច្បាស់លាស់។

ក្រុមអង្គការដែលធ្វើការងារខាងកិច្ចការពារសិទ្ធិកម្មករបានអំពាវនាវឲ្យក្រសួងការងារ បើកការស៊ើបអង្កេតជាបន្ទាន់អំពីភាពមិនប្រក្រតីមួយនេះ។

ពួកគេក៏បានជំរុញឲ្យរដ្ឋាភិបាល បង្កើនការយកចិត្តទុកដាក់ និងមានវិធានការច្បាប់ចំពោះការរកស៊ីរបស់ក្រុមថៅកែរោងចក្រ នៅកម្ពុជាទាំងឡាយ ដើម្បីធានាថា ការធ្វើជំនួញរបស់ពួកគេមានតម្លាភាព សុច្ចរិតភាព និងមិនរំលោភលើអត្ថប្រយោជន៍របស់កម្មករ៕