លោក កឹម សុខា ប្រធានគណបក្សប្រឆាំងដែលកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុងនោះ បានអំពាវនាវចេញពីពន្ធនាគារជំរុញឲ្យមានការផ្សះផ្សារជាតិឡើងវិញ នៅក្នុងឆ្នាំថ្មីនេះ។
លោក កឹម សុខា ថា ការផ្សះផ្សាជាតិជាគុណធម៌នយោបាយ ដែលបានធ្លាក់ចុះកាលពីឆ្នាំចាស់ដែលបណ្ដាលឲ្យពលរដ្ឋ និងអ្នកនយោបាយខ្មែរទាំងឡាយរងនូវការឈឺចាប់។
លោកក៏បានអំពាវនាវឲ្យអ្នកនយោបាយខ្មែរទាំងអស់ ពិសេសអ្នកដឹកនាំ សូមដោះស្រាយបញ្ហានយោបាយ ដោយអហិង្សា និងកុំយកខ្មែរគ្នាឯងជាសត្រូវអី។
លោក កឹម សុខា បញ្ជាក់ថាប្រទេសកម្ពុជាជារបស់ខ្មែរទាំងអស់គ្នា មិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់ក្រុមណាឡើយ ហើយសេចក្តីសុខ និងសន្ដិភាពពិតប្រាកដអាចកើតមានទៅបាន លុះត្រាតែម្ចាស់ស្រុកទាំងអស់គ្នាអាចរស់នៅដោយមានយុត្តិធម៌ និងគ្មានការភ័យខ្លាច។
លោក កឹម សុខា ស្នើសុំឲ្យអ្នកនយោបាយខ្មែរគ្រប់រូបបោះបង់ចោលការគុំគួនគ្នា និងឈប់យកពលរដ្ឋខ្លួនធ្វើជាសត្រូវ។
លោកបន្តថា គ្មានឡើយពាក្យថា ហួសពេលសម្រាប់ខ្មែរក្នុងការវិលត្រឡប់មករកការផ្សះផ្សារជាតិនោះ។
រហូតមកទល់ពេលនេះ លោក កឹម សុខា បានជាប់ពន្ធនាគារចំនួន២២៣ថ្ងៃហើយ។
ទោះបីជាមានការអំពាវនាវរបស់លោក កឹម សុខា យ៉ាងណាក៏ដោយ ក៏លោកហ៊ុន សែន ធ្លាប់ប្រកាសហើយថា រដ្ឋាភិបាលរបស់លោក នឹងមិនចរចារជាដាច់ខាត ជាមួយគណបក្សប្រឆាំង។
ប៉ុន្តែលោក កឹម សុខា បញ្ជាក់ថា គណបក្សសង្រ្គោះជាតិ និងលោក ផ្ទាល់ចង់ឃើញឆ្នាំថ្មីមួយដែលនាំមកនូវសេចក្ដីសុខ សេរីភាព និងសុភមង្គលដល់ខ្មែរគ្រប់ភាគី ហើយលុបជម្រះឲ្យអស់នូវអពមង្គល ការគុំកួន និងអំពើបាបកាលពីឆ្នាំចាស់។
លោកបន្តថា សំរាប់លោកផ្ទាល់គឺគ្មានទេនូវពាក្យសងសឹក។
ជាងនេះទៅទៀតលោកក៏បានអហោសកម្មចំពោះទង្វើទាំងឡាយ ដែលត្រូវបានគេធ្វើមកលើលោក និងសូមឲ្យចាប់ផ្ដើមសារជាថ្មីក្នុងការកសាងជាតិរួមគ្នាចាប់ពីឆ្នាំថ្មីនេះតទៅ។
លោក កឹម សុខា ក៏បានស្នើឲ្យអ្នកស្នេហាជាតិទាំងអស់កុំអស់សង្ឃឹម និងកុំបោះបង់ចោលការតស៊ូព្យាយាមរបស់ខ្លួន ក្នុងការទាមទារឲ្យមានការផ្លាស់ប្ដូរ តាមរយៈការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌៕