38 C
Phnom Penh

អតីតមេដឹកនាំគណបក្សប្រឆាំងព្រមានថា លោក ហ៊ុន សែនត្រូវបញ្ចប់វិបត្តិនយោបាយជាបន្ទាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានចលនាសង្គ្រោះជាតិលោក សម រង្ស៊ី ព្រមានរបបលោក ហ៊ុន សែន ថា កម្ពុជានឹងមានអស្ថិរភាពសង្គម ប្រសិនគណបក្សកាន់អំណាច នៅតែបិទគណបក្សសង្គ្រោះជាតិ មិនឲ្យចូលរួមការបោះឆ្នោតជាតិខាងមុខនេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅឯក្លិបអ្នកកាសែតបរទេស ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃសុក្រ លោក សមរង្ស៊ី បានព្រមានរដ្ឋាភិបាលទីក្រុងភ្នំពេញថា ពលរដ្ឋនឹងនាំគ្នាក្រោកតវ៉ា ហើយអាចរហូតដល់មានការផ្ទុះអំពើហិង្សាថែមទៀត ប្រសិនបើស្ថានការណ៍រំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា នៅតែបន្តធ្លាក់ចុះគ្មានដំណោះស្រាយដូច្នេះនោះ។

អតីតមេដឹកនាំគណបក្សប្រឆាំងនេះអះអាងថា លោកតែងតែអំពាវនាវឲ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិរក្សាការអត់ធ្មត់ និងតស៊ូដោយអហិង្សា ហើយរង់ចាំបង្ហាញឆន្ទៈរបស់ពួកគេ ពិតប្រាកដតាមរយៈសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតមួយ ដែលសេរី ត្រឹមត្រូវ និង យុត្តិធម៌ ដោយមានការចូលរួមពីគណបក្សប្រឆាំង។

ទោះជាយ៉ាងណាក៏ដោយ លោក សម រង្ស៊ីមិនសង្ឃឹមថា លោកនឹងអាចហាមពលរដ្ឋមិនឲ្យក្រោកតវ៉ាបានទេ ប្រសិនបើលោក ហ៊ុន សែន នៅតែធ្វើឲ្យវិបត្តិនយោបាយជាប់គាំងគ្មានផ្លូវដោះស្រាយនោះ។

កាលពីសប្តាហ៍មុន រដ្ឋាភិបាលជប៉ុនក៏បានបង្ហាញការព្រួយបារម្ភជុំវិញស្ថានការណ៍ប្រជាធិបតេយ្យនៅកម្ពុជាពាក់ព័ន្ធនឹងការបោះឆ្នោតនៅពេលខាងមុខដែលនឹងធ្វើដោយអវត្តមានគណបក្សប្រឆាំងនេះ។

រដ្ឋាភិបាលជប៉ុនធ្លាប់ជំរុញឲ្យមេដឹកនាំគណបក្សកាន់អំណាច និងគណបក្សប្រឆាំងងាកមករកតុចរចា ដើម្បីបញ្ចប់វិបត្តិនយយោបាយបច្ចុប្បន្ន មុនការបោះឆ្នោតនៅខែកក្កដាខាងមុខ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស