ព័ត៌មានជាតិ

យ៉ាងហោចណាស់មានមនុស្ស២៦ស្លាប់ និង៨១ផ្សេងទៀតរបួស ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ

By ឌឹ ខេមបូឌា ដេលី

April 19, 2018

របាយការណ៍របស់ អគ្គស្នងការដ្ឋាន នគរបាល ជាតិ អោយដឹងថាគ្រោះថ្នាក់ចរាចរណ៍រយៈពេល ៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅទូទាំងប្រទេសចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មេសា ម្សិលម៉ិញនេះ មានចំនួន ៥៥ករណី ក្នុងនោះបណ្តាលឲ្យមនុស្សស្លាប់ ២៦នាក់ និងរបួសធ្ងន់ស្រាល ៨១នាក់។ ចំនួននេះមនាការថយចុះបើប្រៀបធៀបទៅនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧ កន្លងទៅ។

កាលពីឆ្នាំ២០១៧ គ្រោះថា្នក់ចរាចរណ៍នៅទូទាំងប្រទេសក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំដូច្នេះដែរ មានចំនួន៩៥ករណី ដែលបណ្តាលឲ្យមនុស្សស្លាប់ចំនួន៤៣នាក់ និងរបួសស្រាលជិត២រយនាក់។

របាយការណ៍របស់ នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ នៃ អគ្គស្នងការដ្ឋាន នគរបាល ជាតិ ឲ្យ ដឹង នៅថ្ងៃទី១៦ ខែមេសាថា មូលហេតុ ដែល បណ្តាល ឱ្យ កើត មាន ករណី គ្រោះថ្នាក់ ចរាចរណ៍នេះ រួម មានការបើកបរលើស ល្បឿនកំណត់ មិន គោរពសិទ្ធគ្នា ប្រជែងគ្នា បើកបរទាំងស្រវឹង មិន ប្រកាន់ ស្តាំ និងបើកបរទាំងងងុយដេកជាដើម ។

របាយការណ៍ របស់ នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្ដាប់ធ្នាប់

សាធារណៈ ដដែល បាន បង្ហាញ ថា រយៈពេល១ឆ្នាំកាលពីឆ្នាំ ២០១៧ គ្រោះថ្នាក់ ចរាចរណ៍ ទូ ទាំង ប្រទេសមានចំនួនជាង ៣ពាន់ ៥រយ ករណី បណ្ដាល ឲ្យ មនុស្ស ស្លាប់ ចំនួនជាង ១ពាន់ ៧រយ នាក់ និងរបួស ចំនួនជាង ៥ពាន់ ៥រយនាក់ ៕