ក្រសួងធនធានទឹក និងឧត្តុនិយមកាលពីថ្ងៃម្សិលម៉ិញបានប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ នៅពេលមេឃជិតធ្លាក់ភ្លៀង គឺចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃ ទី១៧ មេសានេះ។
ការអំពាវនេះ ក្រោយពេលក្រសួងធនធានទឹកបានប្រកាស កាលពីព្រឹកថ្ងៃទី១៥ មេសាថា នៅភាគខាងជើងប្រទេសកម្ពុជាទទួលរងឥទ្ធិពល សម្ពាធ ទាប នឹងបង្ករឲ្យ មានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ស្ទើរទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃ ទី ២១ ឬ២២ មេសា។ ក្រសួងធនធានទឹកបានព្យាករណ៍ថា ខេត្តមួយចំនួននៅភាគពាយ័ព្យ អាចនឹងមានផ្គរ រន្ទះ និង ខ្យល់ កន្ត្រាក់ នៅកំឡុងថ្ងៃទី១៥ ដល់១៧ មេសា នេះ។
កាលពីយប់ថ្ងៃទី ១៥ មេសា ផ្ទះរបស់ពលរដ្ឋ ជាច្រើនខ្នងនៅស្រុកអូរជ្រៅ ស្រុកម៉ាឡៃ និងក្រុង ប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានខ្យល់កន្ត្រាក់បោកបក់ខូចខាត ក្នុងនោះមាន ស្រុក អូរជ្រៅ ខ្យល់ កន្តា្រក់បោកបក់ ចំនួន១០ខ្នង ស្រុកម៉ាឡៃចំនួនមួយ ខ្នង និង ក្រុងប៉ោយប៉ែតខូចខាតចំនួន៤៧ខ្នង។
ក្រុមអ្នកឃាំ្លមើលខាងផ្នែកបរិស្ថាននិយាយថា បញ្ហាបម្រែបម្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជាកាន់តែមានភាពអាក្រក់ទៅៗ ខណៈព្រៃឈើរាប់សែនហិកតារ ត្រូវបានកាប់បំផ្លាញធ្វើអាជីវកម្ម នៅក្នុងស្រុក និងធ្វើអាជីវកម្មទៅក្រៅប្រទេសស្ទើរៀងរាល់ថ្ងៃដោយគ្មានការទប់ស្កាត់។
អង្គការឃ្លាំមើលបរិស្ថានពិភពលោកក្លូបប៊ល វីតនេស (Global Witness) តែងរាយការណ៍ជាបន្តបន្ទាប់ថា គ្រោះធម្មជាតិនៅក្នុងប្រទេសកម្ពុជាកើតឡើងដោយសារព្រៃឈើជាច្រើនត្រូវបានក្រុម ឈ្មួញដែលមានលុយ និងមានអំណាច អា ពុះ ជ្រៀក ជួញដូរយ៉ាងគគ្រឹកគគ្រងទៅកាន់ប្រទេសវៀតណាម និងប្រទេសចិនក្នុងតំលៃរាប់ ពាន់លានដុល្លារ៕