ព័ត៌មានជាតិ

សហគមន៍ខ្មែរក្នុងរដ្ឋកាលីហ្វ័រញ៉ានឹងប្រារព្ធវិញ្ញាណក្ខន្ឌ អ្នកស្លាប់ក្នុងរបបខ្មែរក្រហម

By ឌឹ ខេមបូឌា ដេលី

April 19, 2018

ពលរដ្ឋខ្មែរ អាមេរិកាំង នៅ ទីក្រុង ឡុងប៊ិច រដ្ឋ កាលីហ្វ័រញ៉ា នឹង រៀបចំ ប្រារព្ធ ខួប លើក ទី ៤៣ ឆ្នាំ នៃ របប វាលពិឃាត ខ្មែ ក្រហម នៅ ថ្ងៃ អង្គារ ទី ១៧ ខែមេសានេះ ដើម្បី កាន់ មរណទុក្ខ និង ចងចាំចំពោះការបាត់បង់ ពលរដ្ឋ ខ្មែរ ជិត ពីរលាន នាក់ ដែល បាន ស្លាប់ ក្នុង របប កម្ពុជា ប្រជាធិបតេយ្យ នៅ ចន្លោះ ឆ្នាំ ១៩៧៥ ដល់ ឆ្នាំ ១៩៧៨។

សេចក្តីប្រកាស ព័ត៌មាន របស់ មជ្ឈមណ្ឌលរំឮក វាលពិឃាត (Killing Fields Memorial Center) ដែលបានចេញផ្សាយជាសាធារណៈឲ្យ ដឹង ថា មជ្ឈមណ្ឌលនេះ នឹង មានការ រៀបចំ ព្រឹត្តិការណ៍ រំឭក របប វាល ពិឃាត នេះ នៅ ក្នុង សួន រំឭក វាលពិឃាតមួយ ដែល នឹងត្រូវ សាងសង់ឡើង ក្នុង ឆ្នាំ ២០១៩ ខាងមុខនេះ នៅ ក្រុង ឡុងប៊ិច រដ្ឋ កាលីហ្វ័រញ៉ា។

សេចក្តីប្រកាសព័ត៌មានដដែលអោយដឹងថា ពិធី នេះ នឹងមាន ពលរដ្ឋ ខ្មែរ អាមេរិកាំង ប្រមាណ ១រយ នាក់ ចូលរួម ដោយ មាន ការ និមន្ត ព្រះសង្ឃប្រហែល ៣០ អង្គ ចូលរួម ធ្វើ ពិធី បែប ព្រះពុទ្ធសាសនា និងមានការសម្តែង នូវមរណទុក្ខ របស់ ពលរ ដ្ឋ ខ្មែរ ដែល បាន បង់ជីវិត ក្នុង របបវាលពិឃាតថែមទៀត។

ព្រឹត្តិការណ៍ រំឭក ខួប លើក ទី ៤៣ ឆ្នាំ នៃ របប វាលពិឃាតនៅ ឆ្នាំ ២០១៨ នេះ នឹង ផ្តោតលើ គម្រោង សាងសង់ សួន រំឭក វាលពិឃាត ដែលនឹង ត្រូវ សហគមន៍ ខ្មែរ ក្នុងរដ្ឋកាលីហ្វ័រញ៉ានាំគ្នា សាងសង់ ឲ្យ មាន សម្រាប់ ទុក ធ្វើជា ទីតាំង នៃ ពិធីបុណ្យ រំឭក ខួប នៃ របប វាល ពិឃាត។ សាលាក្រុង ឡុងប៊ិច នឹងជួយជ្រោមជ្រែងផ្នែកថវិការ ចំនួន ១៥ ម៉ឺន ដុល្លារ អាមេរិកសំរាប់ការសាងសង់ សួន នេះឡើង។

ពិធី រំឭក ខួប នៃ របប វាលពិឃាត នេះ នឹង ចាប់ផ្តើម នៅវេលា ម៉ោង ៩ ព្រឹក ថ្ងៃ អង្គារ ទី ១៧ មេសា ដោយ មាន ពិធីសូត្រមន្ត តាមបែប ពុទ្ធសាសនា។ លុះដល់ ម៉ោង ៥ ល្ងាច នឹងមាន ពិធី បង្ហូត ទង់ជាតិ ពិធី ថ្លែងអំណរគុណ ពិធីសូត្រមន្ត និង ពិធី ដុត ភ្លើងទៀន ជាដើម៕