ព័ត៌មានជាតិ

សកម្មជនព្រំដែនកម្ពុជាក្នុងប្រទេសបារាំងទាមទារឲ្យលោក ហ៊ុន សែន លប់ចោលរាល់សន្ធឹសញ្ញាទាំងឡាយដែលធ្វើឡើងជាមួយវៀតណាម កាលពីទសវត្សទី៨០

By ឌឹ ខេមបូឌា ដេលី

April 19, 2018

គណៈកម្មាធិការព្រំដែនកម្ពុជាដែលមានមូលដ្ឋានក្នុងប្រទេសបារាំង ទាមទារឲ្យ រដ្ឋាភិ បាលកម្ពុជាលប់ចោលទាំងអស់នូវកិច្ចព្រមព្រៀង នយោបាយ និងទឹកដីជាមួយប្រទេសវៀតណាមដែលធ្វើឡើងកាលពី ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ ដើម្បីការពារអធិបតេយ្យរបស់កម្ពុជា មិនឲ្យបាត់បង់ទៅប្រទេសវៀតណាម។

ការទាមទាររបស់ក្រុមនេះ ធ្វើឡើងក្រោយពីលោក ហ៊ុន សែន ថ្លែងនៅចំពោះក្រុមអ្នកគាំទ្ររបស់ លោកក្នុងប្រទេសអូស្ត្រាលីកាល ពីពាក់កណ្តាលខែមីនាថា រដ្ឋធម្មនុញ្ញ កម្ពុជាមានចំនុចខ្សោយពីរ ដែលលំបាកតវ៉ាជាមួយប្រទេសជិតខាង។

ចំនុចខ្សោយទី១ នៃរដ្ឋធម្មនុញ្ញគឺ គឺការកំណត់ចន្លោះឆ្នាំ១៩៣៣ និង១៩៥៣ នៃការធ្វើផែនទីកម្ពុជា ហើយទី២ គឺផែនទី ខ្នាត១លើ២០០ពាន់ ជាមួយ ប្រទេសថៃអត់បានដាក់ក្នុងរដ្ឋធម្មនុញ្ញ។

ប្រធាន គណៈកម្មាធិការ ព្រំដែន កម្ពុជា ដែល មាន មូលដ្ឋាន ក្នុង ប្រទេស បារាំង លោក ស៊ាន ប៉េងសែ កាលពេលនៅរស់ ធ្លាប់ អះអាង ថា សន្ធិសញ្ញា ឆ្នាំ ១៩៨២ ៨៣ និង៨៥ ដែល លោក ហ៊ុន សែន បាន ចុះ ហត្ថលេខា ជាមួយ លោក ង្វៀង កូថាច់ រដ្ឋមន្ត្រី ការបរទេស វៀតណាម ខណៈ កម្ពុជា ស្ថិត ក្រោម ការ ត្រួតត្រា របស់ កងទ័ព វៀតណាម បាន នាំ ឲ្យ កម្ពុជា បាត់ ព្រំដែន ទឹក របស់ ខ្លួន ចម្ងាយ ជាង ៣ ម៉ឺន គីឡូម៉ែត្រ ការ៉េ ហើយ បាន បាត់ កោះ ត្រល់ ទំហំ ជាង ៥០០ គីឡូម៉ែត្រ ការ៉េ ដែលមានទំហំប៉ុន ប្រទេស សិង្ហបុរី ទាំង មូល។ លោកបន្តថាសន្ធិសញ្ញាទាំងនេះក៏បាននាំឲ្យកម្ពុជា បាត់ កោះ ក្រចកសេះ ទំហំ ប្រហែល ៦ គីឡូម៉ែត្រ ការ៉េ ថែម ទៀត។