សាលាឧទ្ធរណ៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញ បដិសេធបណ្ដឹងសុំនៅក្រៅឃុំ របស់អតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូប លោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា និង លោក អ៊ួន ឈិន ជាលើកទី២។
អតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីរនាក់នេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងរឹបអូសយកទ្រព្យសម្បត្តិអស់ជាច្រើន ដូចជាកុំព្យូទ័រជាច្រើនគ្រឿង និងម៉ូតូ កាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៧។ រហូតមកទល់ពេលនេះ អ្នកទាំងពីរត្រូវបានឃុំខ្លួនជាង៥ខែហើយ។
លោក កែវ វន្នី ដែលជាមេធាវីការពារក្តីឲ្យអតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំងពីររូបនេះ បានប្រាប់ក្រុមអ្នកសាព័ត៌មានថា ការបដិសេធរបស់សាលាឧទ្ធរណ៍មិនឲ្យកូនក្តីរបស់លោកនៅក្រៅឃុំដោយសារហេតុផលថា ពួកគេបារម្ភអ្នកទាំងពីរលួចរត់ចេញទៅក្រៅប្រទេសដែលនាំឲ្យពិបាកដល់នីតិវិធីរបស់តុលាការ។ ម្យ៉ាងទៀតចៅក្រមប្រឹក្សាបានប្រាប់ទៅអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីរថា បទល្មើសរបស់ពួកគេជាបទល្មើសធ្ងន់ធ្ងរដែលប៉ះពាល់ដល់សន្តិសុខជាតិ។
ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សទាមទារឲ្យសាលាឧទ្ធរណ៍ដោះលែងអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីរនាក់នេះ ហើយថាតុលាការគ្មានហេតុផលណាមួយក្នុងការបន្តឃុំខ្លួនពួកគេទាំងពីរនាក់នេះទេ ដោយសារតុលាការរកមិនឃើញភស្តុតាងក្នុងការដាក់បន្ទុកពួកគេ ឡើយ៕