ក្រសួងការពារជាតិកម្ពុជា បដិសេធចំពោះការចុះផ្សាយរបស់សារព័ត៌មានថៃដែលបានចោទថាអាវុធជាច្រើនដែលអាជ្ញាធរថៃចាប់បានកាលពីដើមខែមេសា ក្នុងខេត្តត្រាតរបស់ថៃនេះ បាននាំចេញពីទឹកដីកម្ពុជា។
ឧបករណ៍ឃោសនារបស់លោក ហ៊ុន សែន បានដកស្រង់សំដីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោក ឈុំ សុជាតិ ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថាការចោទប្រកាន់របស់សាព័ត៌មានថៃគឺជារឿងមិនពិត និងជាការចុះផ្សាយដែលគ្មានប្រភពច្បាស់លាស់។ ប្រតិកម្មរបស់ លោក ឈុំ សុជាតិ ធ្វើឡើងក្រោយពីសាព័ត៌មានថៃចុះផ្សាយថា អាវុធជាច្រើនដើមដែលសមត្ថកិច្ចថៃចាប់បានកាលពីពេលថ្មីៗនេះ បានដឹកចេញពីខេត្តព្រះសីហនុ របស់កម្ពុជា។ លោក ឈុំ សុជាតិ អះអាងថាកម្ពុជា មិនមានការប្រើអាវុធប្រភេទនេះឡើយ។
កាលពីយប់អាធ្រាតចូលថ្ងៃទី១១ ខែមេសា អាជ្ញាធរថៃនៅខេត្តត្រាត ចាប់បានរថយន្តមួយគ្រឿងដាក់ស្លាកសញ្ញាយោធា បានរត់ពន្ធកាំភ្លើងខុសច្បាប់ជាច្រើនដើម រួមមានកាំភ្លើងប្រភេទម៉ាក Tavor និង ម៉ាក M-16 នៅកន្លែងឆែកឆេរមួយក្នុងតំបន់ខ្លងយ៉ៃ (Khlong Yai) ជិតព្រំដែនកម្ពុជា-ថៃ។ កាសែតថៃបាងកកប៉ុស្តិ៍ បានដកស្រង់សំដី នាយទាហានថៃម្នាក់ឈ្មោះ កាសិម រ៉ដហ្យិន (Kasem Rodjeen) ឲ្យដឹងថា ម្ចាស់រថយន្ត ឈ្មោះ ចាយុទ្ធ ប្រាសស៊ឺត្រិត (Chayut Prasertrit) អាយុ ៥៣ឆ្នាំ បានសារភាពថាគាត់បានដឹកជញ្ជូនអាវុធទាំងនេះ ពីកំពង់ផែ ចាឡាឡៃ (Chalalai) នៅតំបន់ខ្លងយ៉ៃ ដើម្បីប្រគល់ទៅឲ្យអតិថិជន។ ក៏ប៉ុន្តែជនសង្ស័យ មិនបានប្រាប់ពីប្រភពអ្នកលក់និងអ្នកទិញអាវុធនោះនៅឡើយទេ។
ប្រភពដ៏គួឲ្យជឿទុកចិត្តកន្លងមកបានប្រាប់កាសែត The Cambodia Dialy មន្រ្តីយោធាមានអំណាចរបស់កម្ពុជាមួយចំនួនបានរកស៊ីជួញដូរ អាវុធជាមួយឈ្មួញថៃ។ ពួកគេភាគច្រើនបានដឹកអាវុធពីទឹកដីថៃ ចូលមកក្នុងទឹកដីកម្ពុជានៅពេលយប់។ អាវុធទាំងនោះ ភាគច្រើនជាអាវុធសេរីថ្មីៗ និងមានតម្លៃខ្ពស់។ ជាក់ស្តែងសូម្បី ចៅប្រុសរបស់លោក ហ៊ុន សែន ដែលមានអាយុប្រហែល ១៥ឆ្នាំ កាលពីឆ្នាំ២០១៤ កន្លងទៅ ធ្លាប់បានប្រកាសលក់អាវុធ តាមអ៊ិនធឺណេត ដោយគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបនោះឡើយ៕