មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មអះអាងថាសំរាប់ត្រីមាស ទី១ ឆ្នាំ២០១៨ នេះ មានក្រុមហ៊ុន និងសហគ្រាស សរុបចំនួន ៣ពាន់ ៥៤៥ បានចុះបញ្ជីពាណិជ្ជកម្ម នៅក្រសួងពាណិជ្ជកម្ម ដែលចំនួននេះ កើនឡើងជិត ១៦០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាល ពីឆ្នាំមុន។
ឧបករណ៍ផ្សព្វផ្សាយព័ត៌មានរបស់លោក ហ៊ុន សែន បានដកស្រង់សំដីប្រធាននាយកដ្ឋានចុះបញ្ជី នៃក្រសួងពាណិជ្ជកម្មលោក ឱម តារារិទ្ធ ចុះផ្សាយថា ការកើនឡើងនៃចំនួនក្រុមហ៊ុនយ៉ាងដូច្នេះ ដោយសារតែកត្ដា ស្ថិរភាពនយោបាយ, កំណើនសេដ្ឋកិច្ច, និងទីផ្សារធំទូលាយ ហើយពាណិជ្ជករ មានការទុកចិត្តនឹងការវិនិយោគនៅកម្ពុជា ដោយគ្មានការភ័យខ្លាច។
មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មរូបនេះ បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម ជំរុញដល់ក្រុមហ៊ុន និងសហគ្រាសទាំងអស់ មកចុះបញ្ជីពាណិជ្ជកម្ម ឲ្យបានត្រឹមត្រូវ ដែលវាជាកាតព្វកិច្ច របស់ពាណិជ្ជករ និងក្រុមហ៊ុនទាំងអស់។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្មឲ្យដឹងថាយ៉ាងហោចណាស់មាន សហគ្រាស និង ក្រុមហ៊ុន បានចុះបញ្ជីត្រឹមត្រូវ ស្របតាមច្បាប់ សរុបចំនួនជាង៦ម៉ឺនស្ថាប័នដែលកំពុងប្រតិបត្តិការក្នុងប្រទេស កម្ពុជា។ ក្រុមសហជីពជាច្រើនបានសម្តែងការព្រួយបារម្ភទៅវិញ ខណៈមានក្រុមហ៊ុនរោងចក្រកាត់ដេរមួយចំនួនកំពុងបិទទ្វា ហើយប្រកាសខ្ស័យធន់ដែលនាំឲ្យរដ្ឋាភិបាលត្រូវចំណាចថវិការជាច្រើន ដើម្បីសងទៅដល់កម្មករដែលថៅរត់ចោល។
ក្រុមអ្នកឃ្លាំមើលនិយាយថាសេដ្ឋកិច្ចកម្ពុជាអាចនឹងជួបហានិភ័យនៅពេលខាងមុខ ដោយសារកត្តានយោបាយមិនមានសេ្ថរភាព ខណៈបក្សកាន់អំណាច មិនបើកឲ្យមានបរិយាកាសបោះឆ្នោតប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តធម៌នោះ៕