38 C
Phnom Penh

លោក សម រង្ស៊ី បន្តព្រមានថាចលនានឹងងើបបះបោរនៅកម្ពុជា បើគ្មានបក្សប្រឆាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីប្រធានគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ី ដែលកំពុងមានវត្តមាននៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូណេស៊ីដើម្បីស្វែងរក ដំណោះស្រាយនយោបាយនៅកម្ពុជាព្រមានថា ចលនាបះបោរមួយនឹងកើតមានឡើងក្នុងប្រទេសកម្ពុជា ប្រសិនបើពុំមានវត្តមានរបស់គណបក្សប្រឆាំងនៅក្នុងការបោះឆ្នោតជាតិ ខែកក្កដាខាងមុខនេះ។

សាព័ត៌មានTempoរបស់ប្រទេសឥណ្ឌូនេស៊ីបានដកស្រង់សំដី លោក សមរង្ស៊ីចុះផ្សាយថាការបោះឆ្នោតដែលធ្វើឡើងដោយពុំមានវត្តមានរបស់គណបក្សប្រឆាំងនឹងមិនអាចធ្វើទៅរួចនោះទេ។

លោកបន្តថាបើទោះបីជាគណបក្សរបស់លោកត្រូវបានរដ្ឋាភិបាលលោកហ៊ុនសែនរម្លាយមែនពិតក៏ប៉ុន្តែស្មារតី នៃការស្រលាញ់គណបក្សនេះនៅតែដក់ជាប់ក្នុងផ្នត់គំនិតរបស់ពលរដ្ឋខ្មែរដដែល។

លោកទាមទារឲ្យរដ្ឋាភិបាលលោកហ៊ុន សែន អនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិចូលរួមប្រកួតប្រជែង ដោយស្មើភាពនៅក្នុងការបោះឆ្នោតជាតិនាពេលខាងមុខនេះ។

លោកសម រង្ស៊ីបានលើកឧទាហរណ៍ថាមូលហេតុដែលបណ្តាល ឲ្យមានចលនាងើបបះបោរកើតឡើង នៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់មជ្ឈឹមបូព៌ាគឺដោយសារតែរដ្ឋាភិបាលនៃប្រទេសទាំងនោះ ប្រកាន់របបផ្តាច់ការនិយមជាពិសេសដូចជាប្រទេសស៊ីរី និងប្រទេសលីបីជាដើម។

ទោះជាយ៉ាងណាក៏ដោយលោកហ៊ុន សែន ធ្លាប់ប្រកាសម្តងហើយម្តងទៀតថាលោកនឹងមិនចរចាជាមួយលោក សមរង្ស៊ីនិងលោកកឹម សុខាជាដាច់ខាត ហើយការបោះឆ្នោតជាតិនៅពេលខាងមុខនឹងធ្វើឡើងទៅតាមការគ្រោងទុក។

ប៉ុន្តែសហគមន៍ អន្តរជាតិដូចជាសហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុប បានព្រមានរួចជាស្រេចទៅហើយថាពួកគេនឹងមិនទទួលស្គាល់ភាពស្របច្បាប់នៃការបោះឆ្នោតនៅកម្ពុជាដែលធ្វើឡើងដោយគ្មានការចូលរួមពីគណបក្សសង្គ្រោះជាតិនោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស