ព្រះមហាក្សត្របានផ្តល់គោរមងារកិត្តិយសជា“កិត្តិនីតិកោសល បណ្ឌិត” ដល់លោកប៊ិន ឈិនដែលជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍របស់គណៈបក្សប្រជាជនកម្ពុជានិងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។
ជាមួយគ្នានេះព្រះមហាក្សត្រក៏បានផ្តល់គោរមងារកិត្តិយសថ្មីគឺ“កិត្តិបរិរក្សបណ្ឌិត” ដល់ លោក គាត ឈន់ ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា និងជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
រីឯអ្នកស្រីម៉ែន សំអនជាសមាជិកគណៈអចិន្ត្រៃយ៍បក្សនិង ជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច បានទទួលគោរមងារជា “កត្តិសង្កហបណ្ឌិត”។
ចំណែកលោកចម ប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួងឧស្សាហ៍កម្មនិងសិប្បកម្មបានទទួលគោរមងារជា “កិត្តិសេដ្ឋាបណ្ឌិត” ហើយលោក អូនព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបានទទួលងារជា“អគ្គបណ្ឌិតសភាចារ្យ”។
ចំណែកកូនប្រុសច្បងរបស់លោក សុខ អាន ដែលជាកូនប្រសាររបស់លោក ហ៊ុន សែនគឺលោកសុខ ពុទ្ធិវុធ ត្រូវបានតែងតាំងជា ប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជាសម្រាប់អាណត្តិទី៥ ឆ្នាំ២០១៨ នេះ។
ក្រុមអ្នកឃ្លាំមើលនិយាយថាការតែងតាំងលោកសុខពុទ្ធិវុធ គឺជាយុទ្ធសាស្ត្ររបស់លោកហ៊ុន សែន ដើម្បីពង្រីកបណ្ដាញគ្រួសារនិយម ដោយសារមេដឹកនាំដែលក្តោបកា្តប់អំណាចយូរឆ្នាំដូច្នេះចាប់ផ្តើមលែងទុកចិត្តអ្នកដ៏ទៃក្រៅពីក្រុមគ្រួសាររបស់ខ្លួនប៉ុណ្ណោះ។
ក្នុងរយៈពេលចុងក្រោយនេះលោកហ៊ុន សែនបានចាប់ផ្តើមដកមុខដំណែង មនុស្សជំនិតៗដែលតស៊ូជាមួយលោកមួយចំនួនទៅឲ្យកូនប្រុសរបស់លោកវិញជាក់សែ្តងដូចជាករណីដកតំណែងរបស់លោក គន់ គីម ទៅ ឲ្យលោកហ៊ុន ម៉ាណែតជាឧទាហរណ៍ស្រាប់៕