38 C
Phnom Penh

ក្រសួងការពារជាតិកម្ពុជាបដិសេធមិនបានជាប់ពាក់ព័ន្ធនឹងការរកស៊ីអាវុធជាមួយឈ្មួញថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងការពារជាតិកម្ពុជា បដិសេធចំពោះការចុះផ្សាយរបស់សារព័ត៌មានថៃដែលបានចោទថាអាវុធជាច្រើនដែលអាជ្ញាធរថៃចាប់បានកាលពីដើមខែមេសាក្នុងខេត្តត្រាតរបស់ថៃនេះ បាននាំចេញពីទឹកដីកម្ពុជា។

ឧបករណ៍ឃោសនារបស់លោកហ៊ុន សែន បានដកស្រង់សំដីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកឈុំ សុជាតិ ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថាការចោទប្រកាន់របស់សាព័ត៌មានថៃគឺជារឿងមិនពិត និងជាការចុះផ្សាយដែលគ្មានប្រភពច្បាស់លាស់។

ប្រតិកម្មរបស់ លោកឈុំសុជាតិធ្វើឡើងក្រោយពីសាព័ត៌មានថៃចុះផ្សាយថា អាវុធជាច្រើនដើមដែលសមត្ថកិច្ចថៃចាប់បានកាលពីពេលថ្មីៗនេះ បានដឹកចេញពីខេត្តព្រះសីហនុរបស់កម្ពុជា។

លោកឈុំ សុជាតិ អះអាងថាកម្ពុជាមិនមានការប្រើអាវុធប្រភេទនេះឡើយ។

កាលពីយប់អាធ្រាតចូលថ្ងៃទី១១ខែមេសាអាជ្ញាធរថៃនៅខេត្តត្រាត ចាប់បានរថយន្តមួយគ្រឿងដាក់ស្លាកសញ្ញាយោធា បានរត់ពន្ធកាំភ្លើងខុសច្បាប់ជាច្រើនដើម រួមមានកាំភ្លើងប្រភេទម៉ាក Tavor និង ម៉ាក M-16នៅកន្លែងឆែកឆេរមួយក្នុងតំបន់ខ្លងយ៉ៃ(Khlong Yai)ជិតព្រំដែនកម្ពុជា-ថៃ។

កាសែតថៃបាងកកប៉ុស្តិ៍បានដកស្រង់សំដី នាយទាហានថៃម្នាក់ឈ្មោះកាសិម រ៉ដហ្យិន(Kasem Rodjeen)ឲ្យដឹងថា ម្ចាស់រថយន្តឈ្មោះចាយុទ្ធប្រាសស៊ឺត្រិត(Chayut Prasertrit)អាយុ ៥៣ឆ្នាំបានសារភាពថាគាត់បានដឹកជញ្ជូនអាវុធទាំងនេះ ពីកំពង់ផែ ចាឡាឡៃ(Chalalai)នៅតំបន់ខ្លងយ៉ៃដើម្បីប្រគល់ទៅឲ្យអតិថិជន។

ក៏ប៉ុន្តែជនសង្ស័យ មិនបានប្រាប់ពីប្រភពអ្នកលក់និងអ្នកទិញអាវុធនោះនៅឡើយទេ។ ប្រភពដ៏គួរឲ្យជឿទុកចិត្តកន្លងមកបានប្រាប់កាសែត The Cambodia Dialy មន្រ្តីយោធាមានអំណាចរបស់កម្ពុជាមួយចំនួនបានរកស៊ីជួញដូរ អាវុធជាមួយឈ្មួញថៃ។

ពួកគេភាគច្រើនបានដឹកអាវុធពីទឹកដីថៃ ចូលមកក្នុងទឹកដីកម្ពុជានៅពេលយប់។

អាវុធទាំងនោះ ភាគច្រើនជាអាវុធសេរីថ្មីៗនិងមានតម្លៃខ្ពស់។

ជាក់ស្តែងសូម្បី ចៅប្រុសរបស់លោកហ៊ុន សែនដែលមានអាយុប្រហែល១៥ឆ្នាំ កាលពីឆ្នាំ២០១៤កន្លងទៅធ្លាប់បានប្រកាសលក់អាវុធតាមអ៊ិនធឺណេត ដោយគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបនោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស