34 C
Phnom Penh

យ៉ាងហោចមានក្រុមហ៊ុនថ្មីជាង៣ពាន់ បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មសំរាប់ត្រីមាសទី១ឆ្នាំ២០១៨

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មអះអាងថាសំរាប់ត្រីមាស ទី១ ឆ្នាំ២០១៨នេះមានក្រុមហ៊ុននិងសហគ្រាសសរុបចំនួន ៣ពាន់ ៥៤៥ បានចុះបញ្ជីរពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្មដែលចំនួននេះ កើនឡើងជិត ១៦០%បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ឧបករណ៍ផ្សព្វផ្សាយព័ត៌មានរបស់លោកហ៊ុន សែន បានដកស្រង់សំដីប្រធាននាយកដ្ឋានចុះបញ្ជីនៃក្រសួងពាណិជ្ជកម្មលោក ឱម តារារិទ្ធចុះផ្សាយថាការកើនឡើងនៃចំនួនក្រុមហ៊ុនយ៉ាងដូច្នេះ ដោយសារតែកត្ដាស្ថិរភាពនយោបាយកំណើនសេដ្ឋកិច្ច និងទីផ្សារធំទូលាយហើយពាណិជ្ជករមានការទុកចិត្តនឹងការវិនិយោគនៅកម្ពុជា ដោយគ្មានការភ័យខ្លាច។

មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មរូបនេះបានលើកឡើងថា ក្រសួងពាណិជ្ជកម្មជំរុញដល់ក្រុមហ៊ុននិងសហគ្រាសទាំងអស់ មកចុះបញ្ជីពាណិជ្ជកម្មឲ្យបានត្រឹមត្រូវដែលវាជាកាតព្វកិច្ចរបស់ពាណិជ្ជករ និងក្រុមហ៊ុនទាំងអស់។

របាយការណ៍របស់ក្រសួងពាណិជ្ជកម្មឲ្យដឹងថាយ៉ាងហោចណាស់មានសហគ្រាសនិងក្រុមហ៊ុនបានចុះបញ្ជីត្រឹមត្រូវ ស្របតាមច្បាប់សរុបចំនួនជាង៦ម៉ឺនស្ថាប័នដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា។

ក្រុមសហជីពជាច្រើនបានសម្តែងការព្រួយបារម្ភទៅវិញខណៈមានក្រុមហ៊ុនរោងចក្រកាត់ដេរមួយចំនួនកំពុងបិទទ្វារ ហើយប្រកាសខ្ស័យធន់ដែលនាំឲ្យរដ្ឋាភិបាលត្រូវចំណាយថវិការជាច្រើន ដើម្បីសងទៅដល់កម្មករដែលថៅកែរត់ចោល។

ក្រុមអ្នកឃ្លាំមើលនិយាយថាសេដ្ឋកិច្ចកម្ពុជាអាចនឹងជួបហានិភ័យនៅពេលខាងមុខដោយសារកត្តានយោបាយមិនមានសេ្ថរភាព ខណៈបក្សកាន់អំណាច មិនបើកឲ្យមានបរិយាកាសបោះឆ្នោតប្រកបដោយលក្ខណៈសេរីត្រឹមត្រូវនិងយុត្តិធម៌នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស