ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កាលពីថ្ងៃព្រហស្បតិ៍បានព្រមានថាក្រុមហ៊ុនខាងវិស័យទូរគមនាគមន៍ទាំងឡាយត្រូវសងបំណុលដែលពួកគេបានជំពាក់ស្ថាប័នប្រៃសណីយ៍និងទូរគមនាគមន៍ ឲ្យបានមុនដំណាច់ខែមេសាឆ្នាំ២០១៨ជាកំហិត។
សេចក្ដីប្រកាសរបស់ក្រសួងទាំងពីរមិនបានបញ្ចេញឈ្មោះក្រុមហ៊ុននិងចំនួនទឹកប្រាក់ដែលក្រុមហ៊ុននីមួយៗបានជំពាក់រដ្ឋនោះទេ ប៉ុន្តែរដ្ឋាភិបាលបានគំរាមថា នឹងទម្លាយឈ្មោះក្រុមហ៊ុននិងទឹកប្រាក់ដែលក្រុមហ៊ុនទាំងនោះជំពាក់ ប្រសិនបើពួកគេមិនសងបំណុលតាមការកំណត់នោះ។
វិធានការផ្លូវច្បាប់ដែលរដ្ឋាភិបាលនឹងចាត់វិធានការរួមមានការបង្កកគណនីនៅធនាគារ បិទហ្វ្រេកង់ស៍ហាមឃាត់ការនាំចេញ-ការនាំចូល ហាមឃាត់ការចូលរួមក្នុងដំណើរការលទ្ធកម្មសាធារណៈព្យួរឬដកហូតអាជ្ញាប័ណ្ណប្រតិបត្តិការអាជ្ញាប័ណ្ណហ្រេ្វកង់ស៍វិទ្យុកិច្ចព្រមព្រៀង ឬលិខិតគតិយុត្តិពាក់ព័ន្ធផ្សេងៗសម្រាប់ធ្វើអាជីវកម្មហើយជាចុងក្រោយគឺដាក់ពាក្យបណ្ដឹងទៅតុលាការតែម្តង។
ការប្រកាសទារបំណុលនេះធ្វើឡើងភ្លាមៗបន្ទាប់ពីលោក ហ៊ុន សែន បានតែងតាំងកូនប្រសាររបស់លោកគឺលោក សុខពុទ្ធិវុធជាប្រធានក្រុមប្រឹក្សាភិបាលរបស់ទូរគមនាគមន៍កម្ពុជា។
រហូតមកទល់ពេលនេះស្ថាប័នសាព័ត៌មានធំៗចំនួនបីដែលកំពុងប្រឈមនឹងការទាមទារពន្ធពីរដ្ឋាភិបាលកម្ពុជារួមមានស្ថាប័នកាសែត ភ្នំពេញប៉ុស្តិ៍ស្ថាប័នកាសែតThe Cambodia Daily ស្ថាប័នវិទ្យុអាស៊ីសេរីនិងក្រុមហ៊ុនជាច្រើនទៀត។
កាសែតThe Cambodia Daily បានដំណើរការអស់រយៈពេលជាង២០ឆ្នាំនៅកម្ពុជា។
កាសែតមួយនេះតែងរងការព្រមានជាញឹកញាប់ពីលោកហ៊ុន សែន ចំពោះការចុះផ្សាយអត្ថបទរិះគន់ភាពអសកម្មរបស់រដ្ឋាភិបាលកម្ពុជា។
កាសែតនេះ បានប្រកាសបិទស្ថាប័នផ្សព្វផ្សាយរបស់ខ្លួននៅកម្ពុជាកាលពីខែកញ្ញាឆ្នាំ២០១៧ ដោយសាររងនូវសម្ពាធនយោបាយតាមរយៈការចោទប្រកាន់ពីរដ្ឋាភិបាលកម្ពុជាថាបានជំពាក់ពន្ធរដ្ឋជាង៦លានដុល្លារសហរដ្ឋអាមេរិក៕