34 C
Phnom Penh

សាលាឧទ្ធរណ៍នឹងបើកសវនាការករណីអ្នកទោសនយោបាយចំនួន ១១នាក់នៅថ្ងៃច័ន្ទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាឧទ្ធរណ៍នឹងបើកសវនាការ លើសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១នាក់ ករណីអំពើហិង្សាលើសន្តិសុខខណ្ឌដូនពេញកាលពីអំឡុងឆ្នាំ២០១៤។

សកម្មជនរបស់គណបក្សសង្គ្រោះជាតិទាំង១១នាក់រួមមានលោក មាជ សុវណ្ណារ៉ា លោក អាន បឋម លោក នាង សុឃុន និងមនុស្សចំនួន៨នាក់ ផ្សេងទៀត។

តុលាការក្រុងភ្នំពេញកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ បានផ្ដន្ទាទោសដាក់ពន្ធនាគារសកម្មជនគណបក្សសង្គ្រោះជាតិទាំង១១នាក់នេះពី៧ឆ្នាំ ដល់ ២០ឆ្នាំ ពីបទចូលរួម និងដឹកនាំកុប្បកម្មដែលបានប្រព្រឹត្តនៅស្ពាននាក់កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។

កាលពីដើមខែមេសា ក្រុមអ្នកទោសមនសិកាទាំងនេះបានទាមទារឲ្យគណបក្សនយោបាយធំៗទាំងពីរប្រញាប់ស្វែងរកដំណោះស្រាយនយោបាយដើម្បីធ្វើឲ្យស្ថានការណ៍ របស់ប្រទេសវិលមករកភាពប្រក្រតី ហើយអាចរកវិធីដោះលែងពួកគេឲ្យមានសេរីភាពជួបជុំ ក្រុមគ្រួសារឡើងវិញ។

រហូតមកទល់ពេលនេះ យ៉ាងហោចណាស់មានអ្នកទោសនយោបាយប្រហែល៣០នាក់ កំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារនៃរបបរបស់លោក ហ៊ុន សែន។

អ្នកទោសនយោបាយទាំងនោះរួមមានលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ លោក អ៊ំ សំអាន តំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិ អ្នកស្រី ទេព វន្នី សកម្មជនដីធ្លីតំបន់ បឹងកក់ និងអ្នកទោសមនសិកាជាច្រើនរូបទៀតកំពុងឃុំឃាំងយ៉ាងវេទនា ក្នុងពន្ធនាគារនៅកម្ពុជា។

ទោះជាយ៉ាងណាក៏ដោយ លោក ហ៊ុន សែន ធ្លាប់អះអាងថា កម្ពុជា គ្មានអ្នកទោសនយោបាយនោះទេ មានតែអ្នកនយោបាយដែលមានទោសប៉ុណ្ណោះ។

អង្គការលើកលែងទោសអន្តរជាតិ កន្លងមក បានទាមទារឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន ដោះលែងអ្នកទោសមនសិការទាំងនេះឲ្យមានសេរីភាព ហើយបង្វែរស្ថានការណ៍រំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរបច្ចុប្បន្នមករកភាពប្រក្រតីឡើងវិញ។

ក្រុមនេះនិយាយថា ការឃុំឃាំងអ្នកទោសនយោបាយដ៏ច្រើនសន្ធឹកសន្ធាប់ដូច្នេះ បានបំពានធ្ងន់ធ្ងរទៅលើរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាថែមទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស