មេដឹកនាំចលនាសង្គ្រោះជាតិ និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិគឺលោកសម រង្ស៊ី បានប្រកាសអំពាវនាវឲ្យពលរដ្ឋខ្មែរធ្វើពហិការកុំទៅបោះឆ្នោតដរាបណាគណបក្សសង្គ្រោះជាតិមិន បានចូលរួមប្រកួតប្រជែងដោយស្មើភាពគ្នាជាមួយគណបក្សប្រជាជន កម្ពុជានោះទេ។
ការប្រកាសរបស់លោក សម រង្ស៊ីធ្វើឡើងនៅចំពោះមុខពលរដ្ឋខ្មែរ ប្រហែល១ពាន់នាក់ដែលចូលរួមក្នុងសន្ធិសីទមហាជនក្នុងទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃសៅរ៍ ទី២១ ខែមេសា ម្សិលមិញ។
អតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ អះអាងថា ការបោះឆ្នោតជាតិ នាខែកក្កដា ខាងមុខគឺជាការបោះឆ្នោតដែលមិនស្របច្បាប់ និងជាការ បោះឆ្នោតមួយបែបកំប្លុកកំប្លែងប៉ុណ្ណោះ ប្រសិនបើរបបក្រុងភ្នំពេញ ហាមរារាំងមិនអោយគណបក្សសង្គ្រោះជាតិចូលរួមនោះ។
លោកបន្តថា គណបក្សសង្គ្រោះជាតិគឺជាគណបក្សតែមួយគត់ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងការបោះឆ្នោតនៅពេលខាងមុខ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានសរសេរ នៅក្នុងបណ្តាញសង្គមតេឡេហ្គ្រាម (Telegram)កាលពីដើមសប្តាហ៍កន្លងទៅនេះ បានចាត់ទុកការអំពាវនាវរបស់លោក សម រង្ស៊ី ថា ជារឿងគ្មានប្រយោជន៍ ហើយការបោះឆ្នោតនឹងនៅតែបន្តធ្វើទៅតាមផែនការដែលបានគ្រោងទុក។
គណបក្សសង្គ្រោះជាតិត្រូវបានរដ្ឋាភិលបាលលោក ហ៊ុន សែនព្រួតគ្នារំលាយចេញពីឆាកនយោបាយកាលពីចុងឆ្នាំ២០១៧ ក្រោយពីគណបក្សប្រឆាំងមួយនេះទទួលបានអសនៈដ៏ច្រើនសន្ធឹកសន្ធាប់ពី ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ កាលពីខែមិថុនា ឆ្នាំ២០១៧។
អ្នកវិភាគឯករាជ្យ ដូចជាលោក បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់អះអាងថា ការរំលាយគណបក្សសង្គ្រោះជាតិដោយសារលោក ហ៊ុន សែន ចង់ទទួលបានជ័យជំនៈភ្លូកទឹកភ្លូកដី តែម្នាក់ឯងប៉ុណ្ណោះ។
លោកបន្តថា រដ្ឋាភិបាលលោក ហ៊ុន សែន នឹងប្រឈមហានិភ័យខ្ពស់ នៅក្រោយ ការបោះឆ្នោតជាតិនាខែកក្កដាខាងមុខ ប្រសិនបើពេលនោះគណបក្សសង្គ្រោះជាតិមិនបានចូលរួមប្រកួតប្រជែង៕