លោក ហ៊ុន សែន កាលពីថ្ងៃច័ន្ទអះអាងថា ការវិនិយោគលើវិស័យដីធ្លី នៅឆ្នាំ២០១៨នេះនឹងមានការរីកចំរើនជាងមុន ដោយសារពលរដ្ឋជឿជាក់លើគណបក្សប្រជាជនកម្ពុជាថា នឹងបន្តឈ្នះឆ្នោត។
លោកអះអាងថា ការវិនិយោគលើវិស័យដីធ្លីកាលពីអាណត្តិមុនៗ តែងតែមានបញ្ហាជាប់គាំង លក់មិនចេញ ព្រោះអ្នកវិនិយោគទុន រង់ចាំអ៊ុតមើលលទ្ធផលបោះឆ្នោតជាតិថា តើគណបក្សណាជាអ្នកជាប់ឆ្នោត។
លោកអះអាងថា ក្រោយដឹងថា គណបក្សប្រជាជនកម្ពុជានឹងឈ្នះឆ្នោត ពេលនោះដីក៏ចាប់ផ្តើមឡើងថ្លៃភ្លាម។
ការអះអាងរបស់លោក ហ៊ុន សែន ធ្វើឡើងនៅក្នុងឱកាសសម្ពោធសណ្ឋាគារលំដាប់ផ្កាយ៥«ដឺរ៉ូយ៉ាល់ ស៊ែន កោះរុង»(The Royal Sand Koh Rong) កាលពីម្សិលមិញ។
ប៉ុន្តែក្រុមអ្នកតាមដានខាងអចលនទ្រព្យអះអាងថា ក្នុងរយៈចុងក្រោយនេះ ស្ថានភាពតំលៃដីធ្លី ផ្ទះ សម្បែង ហាក់មានសភាពស្ងប់ ស្របពេលដែលស្ថានការណ៍នយោបាយរបស់កម្ពុជា រងការគំរាមកំហែងខ្លាំងពីសហរដ្ឋអាមេរិក និងសហគមន៍អ៊ឺរ៉ុបពាក់ព័ន្ធនឹងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅ កម្ពុជា។
រហូតមកទល់ពេលរដ្ឋសភាសហរដ្ឋអាមេរិកកំពុងធ្វើសេចក្តីព្រាងច្បាប់មួយក្នុងការដាក់ទណ្ឌកម្មដល់រដ្ឋាភិបាលទីក្រុងភ្នំពេញ ដូចជាការបង្កកទ្រព្យសម្បត្តិរបស់ក្រុមមន្រ្តីមានអំណាច និងបិទទិដ្ឋាការមិនឲ្យមន្រ្តីជាន់ខ្ពស់របស់លោក ហ៊ុន សែន មិនឲ្យចូលមកកាន់សហរដ្ឋអាមេរិកថែមទៀត៕