លទ្ធផលនៃការសិក្សាស្រាវជ្រាវ បង្ហាញថា ចំនួនសត្វផ្សោតនៅតាមដងទន្លេមេគង្គមានការកើនឡើងពី ៨០ ទៅ៩២ក្បាលក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
ចំនួននេះគឺជាការកើនឡើងលើកដំបូងបង្អស់ក្នុងកំណត់ត្រាស្រាវជ្រាវអស់រយៈពេលជាង២០ឆ្នាំមកហើយ។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ WWF-កម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃ២៣ខែមេសា ម្សិលមិញ ឱ្យដឹងថា ការកើនឡើងចំនួនសត្វផ្សោតនេះគឺដោយសារតែប្រសិទ្ធភាពនៃការចុះល្បាត និងការដកហូតបានឧបករណ៍នេសាទខុសច្បាប់ជាច្រើន ដូចជាមងក្រឡាល្អិត ដែលតែងធ្វើអោយសត្វផ្សោតទាក់ជាប់ រហូតដល់ងាប់។
ក្រុមនេះឲ្យដឹងថា មងនេសាទខុសច្បាប់ដែលក្រុមឆ្មាំទន្លេរឹបអូសបានរយៈពីរឆ្នាំមុន មានប្រវែងសរុបជាង៣រយគីឡូម៉ែត្រ ស្មើនឹងចំនួនទ្វេដងនៃប្រវែងជម្រករបស់សត្វផ្សោតរស់នៅ។
តាមការសិក្សាស្រាវជ្រាវ ដែលធ្វើឡើងរួមគ្នារវាងអង្គការ WWF និង រដ្ឋាភិបាលបង្ហាញថាចាប់តាំងពីឆ្នាំ ១៩៩៧មក ចំនួនសត្វផ្សោតទន្លេមេគង្គមានប្រមាណ២រយក្បាលហើយធ្លាក់ចុះមកនៅត្រឹម៨០ក្បាលនៅឆ្នាំ២០១៥៕