29 C
Phnom Penh

ពលរដ្ឋបឹងកក់ និងគ្រួសារដាក់ញត្តិសាជាថ្មីទៅរដ្ឋាភិបាលឲ្យដោះលែងទោសអ្នកស្រី ទេព វន្នី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋនៅបឹងកក់ និងគ្រួសាររបស់អ្នកស្រី ទេព វន្នី កាលពីម្សិលមិញ បាននាំគ្នាដាក់ញត្តិ ជាថ្មីម្តងទៀតទៅកាន់ខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងយុត្តិធម៌ ដើម្បីស្នើសុំឱ្យជួយអន្តរាគមន៍ ដោះលែងអ្នកស្រី ទេព វន្នី ឱ្យមានសេរីភាពឡើងវិញក្នុងឱកាសពិធីបុណ្យពិសាខបូជាខាងមុខ។

ពលរដ្ឋបឹងកក់ និងគ្រួសាររបស់អ្នកស្រីទេព វន្នី សង្ឃឹមថា លោក ហ៊ុន សែន និងក្រសួងយុត្តិធម៌ នឹងអន្តរាគមន៍ដោះលែងអ្នកស្រី ទេព វន្នី អោយមានសេរីភាពឡើងវិញ ដោយសារសកម្មជនដីធ្លីតំបន់បឹងកក់រូបនេះ បានជាប់ពន្ធនាអស់ រយៈពេលពីរភាគបី នៃទោស ដែលអ្នកស្រីបានជាប់ពន្ធនាគារចំនួនជាងពីរឆ្នាំកន្លះមកហើយ។

ជាគោលការណ៍ច្បាប់ ទណ្ឌិតដែលបានអនុវត្តទោស បាន ១ភាគ ៣ អាចស្នើសុំបន្ធូរបន្ថយទោស។

ចំណែកឯទណ្ឌិត ដែលបានអនុវត្តទោសចំនួន ២ភាគ ៣ អាចសុំលើកលែងទោស។

ជាទូទៅ ការស្នើសុំឲ្យមានការបន្ធូរបន្ថយទោស ឬការលើកលែងទោសនេះ ភាគច្រើនធ្វើឡើងក្នុងឱកាសនៃពិធីបុណ្យប្រពៃណីជាតិសំខាន់ៗ ដូចជា ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ពិធីបុណ្យពិសាខបូជា និងពិធីបុណ្យអំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប។

ការទាមទារឲ្យដោះលែងសកម្មជនដីធ្លីតំបន់បឹងកក់នេះ ខណៈក្រសួងយុត្តិធម៌ កំពុងពិនិត្យសំណើសុំបន្ធូរបន្ថយ និងលើកលែងទោស ដល់ទណ្ឌិតចំនួន ២២៨នាក់ ក្នុងនោះមានស្រ្តី១៨នាក់ សម្រាប់ឱកាសពិធីបុណ្យពិសាខបូជាខាងមុខនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស