លោក ហ៊ុន សែន បានព្រមានធ្ងន់ៗថា លោក មិនដាក់រដ្ឋមន្ដ្រីអសកម្មមួយចំនួន ដែលធ្វើការមិនរីកចម្រើន និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋមិនបានលទ្ធផលល្អ ក្នុងជួររដ្ឋាភិបាលថ្មី នៅអាណត្តិក្រោយរបស់លោក ទៀតនោះទេ។
ការព្រមានរបស់លោក ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីបើកឲ្យដំណើរការជាផ្លូវការនូវសណ្ឋាគារលំដាប់ផ្កាយ៥«ដឺរ៉ូយ៉ាល់ ស៊ែន កោះរុង»(The Royal Sand Koh Rong)ក្នុងខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៣ ខែមេសា។
លោក ហ៊ុន សែន អះអាងថា លោកបានកត់សម្គាល់ឃើញរដ្ឋមន្ដ្រីមួយចំនួន តែងតែបន្ដទម្លាក់ការងារមកឲ្យនាយករដ្ឋមន្ដ្រីដដែល គ្មានដំណោះស្រាយពិតបា្រកដ ហើយចាំតែបញ្ជារបស់លោកប៉ុណ្ណោះ។
លោក ហ៊ុន សែន បញ្ជាក់ជំហរថា ច្បាប់បានកំណត់រួចអស់ហើយថា ការងារអ្វីខ្លះឲ្យរដ្ឋមន្ដ្រីធ្វើ តែរដ្ឋមន្ដ្រីមួយចំនួនមិនធ្វើនោះទេ ប៉ុន្តែបែរជាបោះដុំថ្មក្ដៅមកនាយករដ្ឋមន្ដ្រី ចាំទទួលទៅវិញ ដូច្នេះបើអ្វីៗទាំងអស់ចាំតែនាយករដ្ឋមន្រ្តីដោះស្រាយនោះ មិនបាច់ចាំមានរដ្ឋមន្រ្តីតាមក្រសួងនោះឡើយ។
លោក ហ៊ុន សែន ធ្លាប់បានលើកឡើងថា ក្រសួងមានសិទ្ធិដោះស្រាយបញ្ហាផ្សេងៗនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលបានកំណត់ដោយច្បាប់ ដោយមិនចាំបាច់រង់ចាំតែបញ្ជានាយករដ្ឋមន្ដ្រីនោះទេ។
ទោះជាយ៉ាងណាក៏ដោយក្រុមអ្នកឃ្លាំមើលនិយាយថា យុទ្ធសាស្រ្តរបស់លោក ហ៊ុន សែន ក្នុងការព្រមានដោះដូររដ្ឋមន្ត្រីអសកម្មនៅមុនការបោះឆ្នោតដូច្នេះគឺគ្រាន់តែជានយោបាយប្រជាភិថុត បោកបញ្ឆោត ពលរដ្ឋដើម្បីសន្លឹកឆ្នោតប៉ុណ្ណោះ៕