30 C
Phnom Penh

កម្ពុជាចាប់បានឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ិនធឺណេតជនជាតិចិនជាង១រយនាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចកម្ពុជាចាប់ខ្លួនឧក្រិដ្ឋជន ជនជាតិចិនចំនួន១១៩នាក់ ពីបទជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត ក្នុងទីក្រុងភ្នំពេញ។

ក្នុងចំណោម មនុស្សទាំង១១៩នាក់នោះមានស្ត្រី១៩នាក់ កាន់លិខិតឆ្លង ដែនទេសចរណ៍ចូលក្នុងប្រទេសកម្ពុជា។

សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃក្រសួងមហាផ្ទៃលោក អ៊ុក ហៃសីលាចុះផ្សាយថា កម្ពុជាបានសហការជាមួយប៉ូលិសចិនអស់រយៈពេលជាច្រើនខែមកហើយ មុននឹងបើកប្រតិបត្តិការបង្ក្រាបនេះ។

លោក អ៊ុក ហៃសីលាបន្តថា បទល្មើសជំរិតទារប្រាក់នេះពុំមែនជាបញ្ហាធ្ងន់ធ្ងរទេ ដោយសារសមត្ថកិច្ចអាចមានលទ្ធភាពបង្ក្រាប និងតាមដានពីសកម្មភាពខុសច្បាប់របស់ពួកគេបានទាំងស្រុង។

ចាប់តាំងពីឆ្នាំ២០១២មក យ៉ាងហោចណាស់មានជនជាតិចិន និងចិនតៃវ៉ាន់ជាង១ពាន់នាក់ហើយត្រូវបានសមត្ថកិច្ចចាប់បញ្ជូនចេញពីកម្ពុជាពាក់ព័ន្ធនឹងបទល្មើសតាមប្រព័ន្ធអ៊ីនធឺណេត។

កាលពីថ្ងៃទី២២ ខែមេសា អគ្គនាយកដ្ឋានអន្តោប្រវេសន៍សហការជាមួយតុលាការក្រុងភ្នំពេញ បានចុះត្រួតពិនិត្យឆែកឆេរទីតាំងបទល្មើសល្បែងអនឡាញ និងចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ិនធឺណេត នៅខណ្ឌទួលគោក ខណ្ឌសែនសុខ ឃាត់ខ្លួនជាង១រយនាក់។

កាលពីសប្តាហ៍កន្លងទៅនេះសមត្ថកិច្ចកម្ពុជាអះអាងថា រដ្ឋាភិបាលចិនបានអំពាវនាវឱ្យសម្ព័ន្ធមិត្តកម្ពុជារបស់ខ្លួនចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងពួកអ្នកវិនិយោគទុនចិនដែលបានរំលោភច្បាប់នៅកម្ពុជា៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស