មេដឹកនាំចលនាសង្គ្រោះជាតិ គឺ លោក សម រង្ស៊ី អះអាងថា ក្រុមវិនិយោគទុនចិននៅកម្ពុជាញាំញីទៅដោយអំពើពុករលួយនិងអំពើនិទណ្ឌភាព។
សេចក្តីថ្លែងការណ៍របស់លោក សម រង្ស៊ី ដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃទីពុធ ទី២៥ ខែមេសា ម្សិលមិញ អះអាងថា ក្រុមអ្នកវិនិយោគទុនចិនបាននាំមកជាមួយនូវកម្មករជាច្រើន ពីប្រទេសចិន ដែលនាំឲ្យពលរដ្ឋខ្មែរមិនបានទទួលផលប្រយោជន៍អ្វីសោះឡើយពីការរកស៊ីរបស់ពួកគេនោះ។
ប្រតិកម្មរបស់លោក សម រង្ស៊ី ធ្វើឡើងក្រោយពេល ដែលលោក ហ៊ុន សែន អះអាងនៅក្នុងពិធីសម្ពោធសកលវិទ្យាល័យក្រចេះ ដែលឧបត្ថម្ភដោយរដ្ឋាភិបាលចិន កាលពីម្សិលមិញថា ពលរដ្ឋមិនត្រូវ ព្រួយបារម្ភ អំពីការធ្វើវិនិយោគទុនរបស់ជនជាតិចិន និងកម្មករចិន នៅកម្ពុជា នោះទេ។
លោកបន្តថា ចិនមកកម្ពុជាច្រើនបែបនេះដោយសារ កម្ពុជា នៅមិនទាន់មានធនធានមនុស្សគ្រប់គ្រាន់ សំរាប់តម្រូវការរបស់ក្រុម ហ៊ុនចិនទាំងនោះ ដូច្នេះហើយបានជាពួកគេត្រូវនាំអ្នកបច្ចេកទេស និងកម្មករដែលមានជំនាញមកធ្វើការនៅកម្ពុជា។
ប៉ុន្តែលោក សម រង្ស៊ី អះអាងថា ការធ្វើវិនិយោគទុនជាមួយចិនមិនដែលចំណេញដល់កម្ពុជានោះទេ។
ជារួម នយោបាយវិនិយោគទុនរបស់ចិនគឺជានយោបាយដែលដៃម្ខាងឲ្យជំនួយដល់កម្ពុជា ហើយដៃម្ខាងទៀតច្បាមយកធនធានរ៉ែ ព្រៃឈើ និងការទទួលសម្បទានដីសេដ្ឋកិច្ចពីរដ្ឋាភិបាលកម្ពុជាជាដើម។
លោក សម រង្ស៊ី បន្តថា លោក ហ៊ុន សែនត្រូវការប្រទេសចិនដើម្បីគាំទ្រដល់ការដឹកនាំរបស់លោក ដោយសារចិនមិនខ្វល់អំពីបញ្ហាប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និង នីតិរដ្ឋនោះឡើយ៕