វីដេអូ

កូនប្រុសវិរៈជនការពារព្រៃឈើប្តេជ្ញារកយុត្តិធម៌ជូនព្រលឹងឳពុក របស់លោក

By ឌឹ ខេមបូឌា ដេលី

April 26, 2018

កូនប្រុសរបស់លោកឈុត វុទ្ធីគឺលោក ឈើយ ឧត្តមរស្មី ប្តេជ្ញាថា លោកនឹងនៅតែតាមរកយុត្តិធម៌ឲ្យឳពុករបស់លោក និងក្រុមគ្រួសារលោកក៏ដូចជាជនរងគ្រោះដោយសារបទល្មើសព្រៃឈើដទៃទៀត។

ការអះអាងរបស់លោក ឈើយ ឧត្តមរស្មី ធ្វើឡើង ខណៈ ការគោរពខួបវិញ្ញាណក្ខន្ឌលើកទី៦នៃមរណភាពឳពុករបស់លោក។

នៅថ្ងៃទី២៦ ខែមេសានេះ ជាខួប៦ឆ្នាំនៃការបាញ់សម្លាប់លោក ឈុត វុទ្ធីជាសកម្មជនការពារព្រៃឈើដ៏ល្បីល្បាញនៅកម្ពុជា។

ក្រុមសិទ្ធិមនុស្ស និងបរិស្ថានលើកឡើងថា មកទល់ពេលនេះ សមត្ថកិច្ចទីក្រុងភ្នំពេញនៅមិនទាន់ស្វែងរកឃាតកពិត និងអ្នកនៅពីក្រោយឃាតកម្មលើលោក ឈុត វុទ្ធី នៅឡើយទេ ដែលជាការឆ្លុះបញ្ចាំងឲ្យឃើញថា និទណ្ឌភាពនៅតែបន្តអូសបន្លាយនៅក្នុងសង្គម កម្ពុជា។

លោក ឈុត វុទ្ធី ត្រូវបានឃាតកបាញ់សម្លាប់ កាលពីថ្ងៃទី២៦ខែមេសា ឆ្នាំ២០១២ នៅចំណុចវាលបី ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បន្ទាប់ពីលោក និងអ្នកកាសែតពីររូបទៀត បានចូលទៅថតរូបភាពគំនរឈើនៅក្នុងក្រុមហ៊ុនធីមប៊ើហ្គ្រីន (Timber Green) ដែលទទួលបានសិទ្ធិពីរដ្ឋាភិបាលកម្ពុជា ក្នុងការស្ដារបាតអាង ដើម្បីធ្វើទំនប់វារីអគ្គិសនីក្នុងស្រុកថ្មបាំង ខេត្តកោះកុង៕