អគ្គលេខាធិការចលនារណសិរ្សរំដោះជាតិខ្មែរលោក សម សុវណ្ណារ៉ា បានឲ្យកាសែតThe Cambodia Dailyដឹងថាលោកសម សេរី បានចាកចេញពីប្រទេសថៃតាមយន្តហោះឈ្ពោះទៅកាន់ប្រទេសដាណឺម៉ាកវិញដោយសុវត្ថិភាពកាលពីម៉ោង ១ និង៣០នាទី ព្រឹកថ្ងៃទី២៧ខែមេសានេះ។
វិទ្យុអាស៊ីសេរីបានដកស្រង់សំដី អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិយូមែនរ៉ៃវច្ឆប្រចាំតំបន់អាស៊ីលោកហ្វីល រូប៊ើតសាន់(Phil Robertson)ចុះផ្សាយកាលពីម្សិលម៉ិញថា ក្រុមមន្រ្តីទូតរបស់ប្រទេសដាណឺម៉ាកបានយកចិត្តទុកដាក់ក្នុងការផ្តល់ជំនួយផ្នែកច្បាប់ដល់លោកសម សេរី ។
លោកបន្ត ថាពួកគេនឹងអន្តរាគមន៍ទៅរដ្ឋាភិបាលថៃធ្វើយ៉ាងណាកុំឲ្យបញ្ជូនលោកសម សេរី ទៅកាន់ប្រទេសកម្ពុជា។
ប្រធានចលនារណសិរ្សរំដោះជាតិខ្មែរជនជាតិដាណឺម៉ាក សញ្ជាតិខ្មែររូបនេះត្រូវបានតុលាការកម្ពុជាកាលពីឆ្នាំ២០១៦កាត់កំបាំងមុខ ឲ្យ ជាប់ពន្ធនាគារយៈពេល ៩ឆ្នាំពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
សមត្ថកិច្ចថៃកាលពីថ្ងៃទី២៥មេសាបានចាប់ខ្លួនលោកសម សេរី ខណៈលោកកំពុងសុំបន្តសុពលភាពទិដ្ឋាការស្នាក់នៅ ក្នុងប្រទេសថៃ។
ការចាប់ខ្លួននេះធ្វើឡើងក្រោយពីលោកហ៊ុន សែន បានចោទប្រកាន់មេដឹកនាំចលនារណសិរ្សរំដោះជាតិខ្មែររូបនេះថា មានបំណងដាក់គ្រាប់បែកបំផ្ទុះនៅម្តុំវត្តភ្នំនិងក្នុងខេត្តសៀមរាប កាលពីអំឡុងពេលបុណ្យចូលឆ្នាំខ្មែរកន្លងទៅ ៕