38.8 C
Phnom Penh

កូរ៉េខាងជើង និងខាងត្បូងចាប់ដៃគ្នាបញ្ចប់សង្គ្រាមអាវុធនុយក្លេអែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំកូរ៉េខាងជើងនិងកូរ៉េខាងត្បូងបានសន្យាជាប្រវត្តិសាស្ត្រកាលពីម្សិលមិញដើម្បីបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែរ ជាស្ថាពរ នៅលើឧបទ្វីបកូរ៉េ ប៉ុន្តែប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ អះអាងថា អាមេរិកនៅតែរក្សាការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ទោះជាមេដឹកនាំនាំប្រទេសមហាអំណាចរូបនេះ គ្រោងជួបលោក គឹម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើងក៏ដោយ។

រហូតមកទល់ពេលនេះ ពិភពលោកនៅមិនទាន់អស់ចម្ងល់នៅឡើយថា តើរដ្ឋាភិបាលក្រុងព្យុងយ៉ាង ពិតជាមានឆន្ទៈក្នុងការបោះបង់ចោលកម្មវិធីកាំជ្រួចនុយក្លេអ៊ែរ ដែលកំពុងគំរាមកំហែងដល់សហរដ្ឋអាមេរិកនោះយ៉ាងណានៅឡើយទេ។

ជំនួបរវាងលោក គឹម ជុងអ៊ុន និងលោក មូន ជេអិន ធ្វើឡើងនៅក្នុងតំបន់ដែលគ្មានកងទ័ព នៃព្រំដែនរវាងប្រទេសទាំងពីរដែលបានបែងចែកប្រទេសទាំងពីរអស់រយៈពេលជាង៦ទសវត្សរ៍មកហើយនោះ។

លោក គីម និងលោក មូន បានប្រកាសថា ពួកគេនឹងធ្វើការជាមួយសហរដ្ឋអាមេរិកនិងចិនក្នុងឆ្នាំនេះដើម្បីប្រកាសបញ្ចប់ជាផ្លូវការនូវសង្គ្រាមឧបទ្វីបកូរ៉េដែលកើតឡើងចាប់តាំងពីឆ្នាំ១៩៥០ មកនោះ ដើម្បីបង្កើតចេញនូវកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍ចាប់ពីពេលនេះ តទៅ។

ពួកគេសន្យាថា នឹងបន្តកាត់បន្ថយអាវុធជាបន្តបន្ទាប់ដើម្បីបញ្ឈប់សកម្មភាពអមិត្ត ផ្លាស់ប្តូរព្រំប្រទល់ដែលមានកំពែងរឹងមាំ ឲ្យក្លាយទៅជាតំបន់សន្តិភាព និងស្វែងរកការចរចាជាមួយប្រទេសពាក់ព័ន្ធដទៃទៀតរួមទាំងសហរដ្ឋអាមេរិកផងដែរ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋធានីវ៉ាស៊ីនតោនជាមួយអធិកាបតីអាល្លឺម៉ង់លោកស្រី អេនជីឡា ម៉ាកឃែល លោក ដូណាល់ ត្រាំ រំពឹងទុកថា លោកនឹងជួបជាមួយលោកគីម ជុងអ៊ុន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយសង្ឃឹមថា វានឹងមានលទ្ធផលជាផ្លែផ្កា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស